ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !
តាងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមការអនុញ្ញាត សម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការទទួលបានសញ្ញាបត្របណ្ឌិតនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតស័ក្តិសមនឹងគំរូវីរភាព និងជា សមិទ្ធផលថ្មីមួយទៀតប្រកបដោយមោទនភាព កិត្យានុភាពជាតិយើង ដែលកើតចេញពីការខិតខំប្រឹងប្រែង ឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានសន្តិភាព ឯកភាពជាតិពេញបរិបូរណ៍ និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្ដែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការៈ និងស្នាដៃធំៗយ៉ាងច្រើនឥតគណនា និងអរគុណសន្តិភាព ដែលសម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃ ប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាវីរកុលបុត្រខ្មែរស្នេហាជាតិមួយរូប ជានិច្ចកាលតែងតែគិតគូរដល់ផលប្រយោជន៍ជាតិជាធំ។ សម្ដេចបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព ការពារ កសាង អភិវឌ្ឍប្រទេសជាតិ និងធ្វើឱ្យកិត្យានុភាពជាតិ កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ ដែលជាសក្ខីភាពធ្វើឱ្យប្រជាពលរដ្ឋខ្មែរមើលឃើញកាន់តែច្បាស់នូវតួនាទី ជាមគ្គុទ្ទេសក៍ដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូររុងរឿងត្រចះត្រចង់ជានិច្ចនិរន្តរ៍។
ក្នុងឱកាសដ៏មហាប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ៕
ដោយ ៖ សុខ ខេមរា