តុលាការរុស្ស៊ីបានសម្រេចកាត់ទោសតារាបាល់បោះអាមេរិក អ្នកស្រី Brittney Griner ឱ្យជាប់គុក៩,៥ឆ្នាំ(ប្រាំបួនឆ្នាំកន្លះ) ពីបទនាំសារធាតុហាមប្រាមចូលក្នុងទឹកដីរុស្ស៊ី។
អតីតកីឡាការិនីបាល់បោះ Brittney Griner ធ្លាប់ទទួលបានពានរង្វាន់មេដាយមាសអូឡាំពិកពីរលើក និងជាតារារបស់សមាគមបាល់បោះជាតិសម្រាប់ស្ត្រី (WNBA)។ នាងត្រូវបានចាប់ខ្លួនកាលពិខែកុម្ភៈ ពេលទៅចូលរួមប្រកួតឲ្យក្លិបក្នុងប្រទេសរុស្ស៊ី ។ ករណីខាងលើបានធ្វើឱ្យកីឡាការិនីមានដើមកំណើតនៅរដ្ឋតិចសាស់ ធ្លាក់ក្នុងរង្វង់នយោបាយ ធ្វើឱ្យទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីធ្លាក់ចុះទាបបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មក។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការសម្រេចកាត់ទោសដាក់គុកដល់កីឡាការិនីជនជាតិអាមេរិកនោះគឺជាការបើកផ្លូវសម្រាប់ដោះដូរអ្នកទោស រវាងអាមេរិកនឹងរុស្ស៊ី។
នាង Brittney Griner បានបញ្ជាក់ថា នាងពិតជាបានយកសារធាតុហាមប្រាមចូលប្រទេស
រុស្សុីមែន ប៉ុន្តែនាងមិនមានចេតនាក្នុងការបំពានច្បាប់នោះឡើយ។ ក្រៅពីកាត់ទោសជាប់ពន្ធនាគារ នាង Brittney Griner ក៏ត្រូវបង់ប្រាក់ពិន័យជាទឹកប្រាក់ ១៦.៩៩០ដុល្លារអាមេរិកផងដែរ។
ភ្លាមៗនេះដែរ ប្រធានាធិបតីអាមេរិក លោក បៃឌិន បានអំពាវនាវដល់រុស្ស៊ីឱ្យដោះលែងកីឡាការិនី Brittney Griner មានសេរីភាពវិញ ។ រដ្ឋាភិបាលអាមេរិកនឹងធ្វើការដើម្បីជួយឱ្យនាងឆាប់ទទួលបានសេរីភាព៕ ដោយ៖ ធីរីណា
រូបថត ៖ GETTY