ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍បត់ចូលការដ្ឋានបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យមន្ត្រីយោធាម្នាក់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

     ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ ខណៈជិះម៉ូតូតាមដងផ្លូវ ស្រាប់តែត្រូវរថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតពេលបញ្ជូនសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានបង្កឡើងកាលពីវេលាម៉ោងប្រមាណជិត៥ទៀបភ្លឺ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

     សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កជាប្រភេទរថយន្ត ក្រឡុកស៊ីម៉ងត៍ SCG ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ5A-0757 អ្នកបើកបរត់បាត់បានបុកម៉ូតូម៉ាក ហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-3628 បើកបរដោយឈ្មោះ គង់ ប៊ុណ្ណា ដែលគេស្គាល់ថា ជាមន្រ្តីយោធា បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។

      សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កធ្វើដំណើរ ទិសដៅពីលិចទៅកើត បត់ឆ្វេងចូលការដ្ឋាន ឯខាងម៉ូតូធ្វើដំណើរ ទិសដៅពីកើតមកលិច ក៏ត្រូវរថយន្តបុកតែម្ដង ។ ភ្លាមៗ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះ នៅមន្ទីរពេទ្យផងដែរ ប៉ុន្តែមិនអាចសង្រ្គោះបាន ។ តាមការពិនិត្យនិងវាស់វែង សមត្ថកិច្ចបានបញ្ជាក់ថា «រថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន»។

     ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើវាស់វែង រួចយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ,ឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖