ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រកាសថា អ្នកជំងឺកូវីដ-១៩បានជាសះស្បើយអស់ហើយ

ចែករំលែក៖

នៅថ្ងៃទី៥ ខែសីហា គឺជាលើកដំបូងដែលកូរ៉េខាងជើងប្រកាសថា អ្នកជំងឺគ្រុនក្តៅពាក់ព័ន្ធនឹងកូវីដ-១៩នៅក្នុងប្រទេសនេះបានជាសះស្បើយអស់ទាំងស្រុងហើយ។ នេះជាការបញ្ចប់ដំណាក់កាលនៃការឆ្លងកូវីដ-១៩ នៅកូវ៉េខាងជើង។
សារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងដែលបានផ្សាយថា យុទ្ធនាការប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសនេះបានឈានដល់ដំណាក់កាលបញ្ចប់ដោយមិនមានករណីគ្រុនក្តៅទៀតឡើយ។
នៅកូរ៉េខាងជើងមានពលរដ្ឋរហូតដល់៤,៧៧លាននាក់មានជំងឺគ្រុនក្តៅ តែឥឡូវនេះបានជាសះស្បើយទាំងស្រុងហើយ ហើយក៏មានអ្នកស្លាប់៧៤នាក់ផងដែរ គិតចាប់តាំងពីខែមេសាមក។ ចាប់តាំងពីថ្ងៃទី៣០ខែកក្កដាមក មិនមានករណីគ្រុនក្តៅណាមួយបន្ថែមទៀតឡើយ។
ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក Kwon Young-se អ្នកទទួលខុសត្រូវពីបញ្ហាកូរ៉េខាងជើង បានលើកឡើងថា ស្ថានភាពកូវីដ-១៩ នៅកូរ៉េខាងជើងបានគ្រប់គ្រងទាំងស្រុងហើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Reuters


ចែករំលែក៖