ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា, ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយ ចំនួនជាពិសេសអ្នកបើកបរយានយន្ត បានសំដែងមតិនៅតាមបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងឯកសារ ដែលត្រូវភ្ជាប់តាមខ្លួនពេលបើកបរយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ ចាប់ពីឆ្នាំ២០១៧មក ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការកែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានជំនិះ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ(ឆៀក) លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីងាយស្រួលគ្រប់គ្រង។ ដូចនេះ ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រសួងសូមធ្វើការ ណែនាំដល់អ្នកបើកបរយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមានឯកសារភ្ជាប់តាមខ្លួនដែលរួមមាន៖
១-បណ្ណបើកបរយានយន្ត តម្រូវឱ្យប្រើប្រាស់ឯកសារច្បាប់ដើម។
២. បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។ ករណីបណ្ណសម្គាល់យានជំនិះ មិនមាន QR Code តម្រូវឱ្យមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចលើច្បាប់ថតចម្លងនោះទើបអាចប្រើប្រាស់ជាផ្លូវការបាន។
៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) អាចប្រើប្រាស់ឯកសារច្បាប់ ថតចម្លង។
៤. ចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែមនូវលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹង ចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា