ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ថៃ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ការងារ​ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានឱ្យដឹងថា​ ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា លោកសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas រដ្ឋមន្រ្តីក្រសួងអប់រំ វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍(MHESI) នៃព្រះរាជាណាចក្រថៃ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលថៃ ដែលទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍធនធនមនុស្ស មានហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងជាច្រើន ដើម្បីចែករំលែកមកដល់ប្រទេសជិតខាង។ ចំពោះរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់លំដាប់ទី១ គឺការអភិវឌ្ឍធនធានមនុស្សនេះឯង។ 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា មានប្រព័ន្ធបណ្តុះបណ្តាលផ្នែកបច្ចេកទេសវិជ្ជាជីវៈនេះ ចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់បរិញ្ញាបត្រ។ ស្ថិតក្នុងបរិបទនៃការរីកចម្រើនសង្គម និងនវានុវត្តន៍មានការរីកចម្រើនលឿន ពិសេសឧស្សាហកម្ម ៤.០ កម្ពុជា បានកំពុងរៀបចំអនុវត្តន៍ នូវគោលនយោបាយជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជម្រុញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ 

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់គាំទ្រវិស័យធនធានមនុស្សកម្ពុជា ជាពិសេស សម្តចព្រះមហាក្សត្រីចក្រីសុរិន្ទថន ដែលសព្វព្រះហទ័យ ថ្វាយអគារសិក្សានៅឯខេត្តកំពង់ធំ និងកំពង់ស្ពឺ នេះជាហទ័យ និងយកចិត្តទុកដាក់ដ៏ធំធេងបំផុតរបស់សម្តចព្រះមហាក្សត្រីមកលើវិស័យអប់រំរបស់កម្ពុជា។ ជាមួយកិច្ចសហការរវាងប្រទេសទាំងពីរលើវិស័យបណ្តុះបណ្តាលធនធានមនុស្សនេះ វិទ្យាស្ថានកម្ពុជា-ថៃ (ពូនភ្នំ) ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ធ្វើ ការបណ្តុះបណ្តាល តាំងពីឆ្នាំ២០០២មកម្ល៉េះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ។ 

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បន្តលើកឡើងពីកិច្ចសហការរបស់ប្រទេសទាំងពីរដែលបានធ្វើការជាមួយគ្នាកន្លងមក ទាំងវិស័យការងារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ព្រមជាមួយនឹងការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមកខាងផ្នែកជាងអគ្គិសនី និងតបណ្តាញទឹកនៅក្នុងអគារ ដែលលោក មើលឃើញថា វានឹងបង្កលទ្ធភាពដល់ពលករកម្ពុជា នៅពេលដែលត្រឡប់មកស្រុកកំណើតវិញ ងាយស្រួលនឹងរកការងារធ្វើ មិនតែប៉ុណ្ណោះប្រទេសទាំងពីរបាននឹងកំពុងពិភាក្សាគ្នាដើម្បីតភ្ជាប់ប្រព័ន្ធសន្តិសុខសង្គមដើម្បីផ្តល់ប្រយោជន៍ដល់ពលករផងដែរ។ 

នាឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas បានលើកឡើងពីការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសថៃ ដោយបញ្ជាក់ថា នៅថៃ មានសាលារៀនសម្រាប់ត្រៀមចូលរៀនផ្នែកវិស្វកម្ម និងមហាវិទ្យាល័យសម្រាប់បណ្តុះបណ្តាលគ្រូបច្ចេកទេស និងវិជ្ជាជីវៈ មានឈ្មោះល្បីល្បាញចំនួនពីរ គឺមហាវិទ្យាល័យតិចណូឡូជីរាជមង្គល និងមហាវិទ្យាល័យតិចណូឡូជីព្រះចមក្លាវ បើសិនជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា មានការចាប់អារម្មរណ៍អាចធ្វើការបញ្ជូនមន្ត្រីទៅរៀនបាន ហើយលោកសាស្ត្រាចារ្យបណ្ឌិត ជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងមានសមត្ថភាពពេញលេញយកទៅបណ្តុះបណ្តាលបន្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកសាស្ត្រាចារ្យ ក៏សប្បាយរីករាយពេលដែលឃើញថា សេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនលូតលាស់ ហើយ កម្ពុជា-ថៃ នៅតែបន្តសហប្រតិបត្តិការជាមួយគ្នា កាន់តែប្រសើរបន្ថែមទៀត ដើម្បីទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។  

លោកសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas បានសន្យាផ្តល់អាហារូបករណ៍តាមរយៈ មហាវិទ្យាល័យដ៏ល្បីល្បាញចំនួនពីររបស់ថៃខាងលើនេះ ដល់មន្ត្រីរាជការ និងគ្រូបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលកម្ពុជា កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ 

លោកបណ្ឌិត អ៉ិត សំហេង ពិតជារីករាយខ្លាំងណាស់ ដែលខាងភាគីថៃបានផ្តល់អាហារូបករណ៍មកដល់កម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្សនេះ ហើយលោកជឿជាក់ថា គ្រប់វិស័យទាំងអស់នៃប្រទេសយើងទំាងពីរដែលបានធ្វើកន្លងមកជាមួយគ្នា កាន់តែមានការរីកចម្រើនលូតលាស់ បន្ថែមទៀត។ 

ជាចុងក្រោយភាគីទាំងពីរ ពេញចិត្តនឹងបន្តកិច្ចការសំខាន់ៗជាមួយគ្នា ដោយឱ្យក្រុមបច្ចេកទេសនៃភាគីទាំងពីរដើម្បីបន្តទំនាក់ទំនងធ្វើការជាមួយគ្នា ក្នុងការឈានទៅរៀបចំឲ្យមានអនុស្សរណៈយោគយល់គ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ៕

ដោយ​៖សហការី​


ចែករំលែក៖