ភ្នំពេញ៖ មិនមែនជារឿងចៃដន្យទេ ដែលឥស្សរជន នៃបណ្តាប្រទេសធំៗលើពិភពលោក មានវត្តនៅកម្ពុជានាពេលនេះ។ កត្តាធំនោះ គឺសន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ដែលមិនមានឥស្សរជនណាមួយស្នើសុំរថយន្តពាសដែកការពារគ្រាប់នោះទេ(បាឡាំងដាស់) ហើយកត្តាមួយទៀតនោះ គឺការគ្រប់គ្រងកូវីដ-១៩របស់កម្ពុជា បានល្អប្រសើរ។
ជាក់ស្ដែងនៅសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាប់ផ្តើមដឹកនាំកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩ និងមានប្រទេសជាដៃគូចូលរួមចំនួន១៥ រួមមាន ប្រទេសមហាអំណាចដូចជា៖ អាមេរិក រុស្សី ចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើនទៀត។
វេទិកាតំបន់អាស៊ាន មានគោលបំណងបង្កើតជំនឿទុកចិត្តលើគ្នាទៅវិញទៅមក និងបង្ហាញឲ្យបានច្បាស់អំពីជំហរលើបញ្ហាសន្តិសុខតាមរយៈការពិគ្រោះយោបល់ជាមួយគ្នានៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ និងសម្រាប់ពិភាក្សាពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច នយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ជាមួយដៃគូសន្ទនាផ្សេងៗទៀត។
លោក ពុយ គា បានថ្លែងថា, បន្ទាប់ពីស្មុគស្មាញលើសំណុំរឿងភូមាប៉ុន្មានថ្ងៃ កម្ពុជាបានឆ្លងផុតកងព័ន្ធទី១ហើយនៅថ្ងៃនេះដោយអាចសម្រេចបាននូវការចេញផ្សាយសេចក្តីថ្លែងការណ៍រួម (Joint Communique) ដោយពុំមានការជំទាស់អ្វីទៀតឡើយ។ ប៉ុន្តែនៅសល់សំណុំរឿង២ទៀតនៅព្រឹកនេះដែលចាប់ផ្តើមឡើងពពុះគ្រាន់តែផ្តើមនិយាយគ្នាបានបន្តិច នោះគឺរឿងអ៊ុយក្រែននិងតៃវ៉ាន់…
រូបខាងក្រោមជាការសន្ទនារវាងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Park Jin មុនកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្រ្តីអាស៊ីបូព៌ាចាប់ផ្តើម។ រីឯរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi អង្គុយយកដៃច្រត់ចង្កា។
សូមបញ្ជាក់ថា, លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីកម្ពុជា ជាឥស្សរជនខ្មែរដំបូងគេដែលនឹងត្រូវទៅកាន់តំណែងជាអគ្គលេខាធិការអាស៊ាន (ASEAN Secretary General) រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២៣ទៅ។ តំណែងនេះត្រូវបានប្រកាសចំពេលអាស៊ានមានអាយុ៥៥ឆ្នាំគត់ ហើយក៏ចំពេលកម្ពុជាធ្វើម្ចាស់ផ្ទះអាស៊ានពេញ១ឆ្នាំ២០២២៕
ដោយ ៖ សុខ ខេមរា