ភ្នំពេញ ៖ ថ្ងៃស្អែកនេះ ខ្ញុំនឹងចូលរួមជាវាគ្មិនមួយរូបក្នុងនាមជាតួអង្គក្នុងសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» និពន្ធដោយ លោក លាង ដឺលុច្ស នៅលើទឹកដីអង្គរ នាខេត្តសៀមរាប។ នេះជាការថ្លែង របស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
លោក ហ៊ុនម៉ានី បានគូសបញ្ជាក់ថា, កិច្ចពិភាក្សាក៏មានការចូលរួមពី លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ ជាវាគ្មិនកិត្តិយស លោក ប៉ែន បូណា ជាអ្នកសម្របសម្រួល និងលោក គី សុខលីម ជាអ្នករៀបចំកម្មវិធី។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបន្តថា, ជាមួយគ្នានេះដែរ បងប្អូនសាធារណជនដែលបានចូលរួមចុះឈ្មោះ ក៏នឹងមានឱកាសចូលរួមពិភាក្សាជាមួយខ្ញុំ និងវាគ្មិនទាំងអស់គ្នាផងដែរ។ សៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» គឺជាស្នាដៃនិពន្ធដែលនឹងឆ្លុះបញ្ចាំងពីអត្ថន័យនៃ «ក្តីសង្ឃឹម» តាមរយៈការសង្កេត សម្ភាសខ្ញុំ និងអ្នកជុំវិញខ្លួនខ្ញុំមួយចំនួន ពីការងារ និងទស្សនៈរបស់ខ្ញុំ។ តើបងប្អូនយល់ឃើញដូចម្តេចខ្លះពីសៀវភៅនេះ? ៕
ដោយ ៖ សិលា