ខេត្តព្រះសីហនុ ៖ មានករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីលើរថយន្ត ហើយបន្ទាប់ពីបាញ់ប្រហាររួច ជនសង្ស័យក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោលទៅ។ នេះបើយោងតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចខេត្តព្រះសីហនុដែលបានឱ្យដឹងថា ការបាញ់នេះធ្វើឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅឆ្នេរអូរត្រេះទល់មុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សេចក្តីរាយការណ៍ដដែលបានបន្តថា ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុក៏បានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុនិងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយដោយមានស្នាមគ្រាប់កាំភ្លើង ស្នាមចាក់នឹងកាំបិត ហើយវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុរួមមាន៖ គ្រាប់កាំភ្លើង១គ្រាប់ និងកូនកាំបិតមួយដើម។
ចំពោះករណីនេះ កម្លាំងកងរាជអាវុធហត្ថក៏ដូចជាសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់។ ចំណែកសាកសពត្រូវដឹកយកទៅតម្កល់នៅមន្ទីរពេទ្យមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ។
សូមបញ្ជាក់ផងដែរថា អំពើឃាតកម្មបានកើតឡើងជាញឹកញាប់នៅក្នុងខេត្តព្រះសីហនុ ដែលភាគច្រើនបង្កឡើងដោយជនជាតិចិន ពួកគេមានទាំងអាវុធប្រើប្រាស់ដោយខុសច្បាប់ថែមទៀតផង។ បញ្ហាទាំងអស់នេះ គួរណាស់តែគណៈបញ្ជាការឯកភាពខេត្តចុះធ្វើរដ្ឋបាលតាមមូលដ្ឋាន សណ្ឋាគារ ពិសេសកន្លែងដែលមានលួចបើកលេងល្បែងស៊ីសង កាស៊ីណូអនឡាញ ដើម្បីធានាជូនសន្តិសុខសណ្ដាប់ធ្នាប់ដល់ប្រជាពលរដ្ឋ៕
ដោយ ៖ សហការី