ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ ចំនួន៣០រូប ពីសហរដ្ឋអាមេរិក ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា សម្បត្តិវប្បធម៌ខ្មែរ ចំនួន៣០រូប នឹងត្រូវបញ្ចូនពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជាវិញ។ វត្ថុទាំងនេះជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុ បុរាណដោយខុសច្បាប់ ដែលត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក សហការជាមួយការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក អនុលោមតាមអនុស្សារណៈនៃការ យោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូល លើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា។ ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធ សាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ ។ព្រះស្កន្ទគង់លើក្ងោក” និង “ព្រះគណេស ដែលត្រូវបាន លួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស.។ ប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងសម័យសង្គ្រាម។

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២, លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា និងលោក Damien Williams អគ្គរដ្ឋអជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក បានចូលរួមនៅក្នុងពិធីប្រគល់-ទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន៣០រូបនេះនៅទីក្រុងញូវយ៉ក។ ក្រសួងកំពុងធ្វើការ ជាមួយក្រុមហ៊ុនដឹកជញ្ចូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង៣០រូបមកកម្ពុជាក្នុងពេលវេលាខាងមុខនេះ ហើយក្រសួង នឹងជូនព័ត៌មានបញ្ជាក់បន្ថែមនៅពេលវត្ថុទាំងនេះមកដល់កម្ពុជា។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា “យើងពិតជាសេចក្តីរំភើបទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អឯកទាំងនេះ ដែលជាព្រលឹង បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យភាពរុងរឿងនៃចក្រភពខ្មែរ។ លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមថា “ការ បញ្ចូនមកវិញនេះគឺអាចសម្រេចទៅបានដោយសារកិច្ចសហប្រតិបត្តិការនិងការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ (កម្ពុជា និងសហរដ្ឋអាមេរិក) និងក៏ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ តាមរយៈ នយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ឱកាសក្នុងការនាំមកវិញនូវព្រលឹងបុព្វបុរសខ្មែរ ដែលបាន”រសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំនាសម័យសង្គ្រាម និងអសន្តិសុខ ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហ ប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ស្ថាប័ននានារបស់សហរដ្ឋអាមេរិក ជាពិសេស រដ្ឋអាជ្ញសហរដ្ឋអាម នៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉កការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ជាមួយនេះ លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ, ស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងពិសេសដល់លោកមេធាវី Bradley Gordon និងលោកមេធាវី Steven Heimberg ដែលបានចំណាយពេលអស់ជាច្រើនឆ្នាំ ក្នុងការសហការ ជាមួយក្រុមការងារកម្ពុជា ដើម្បីស្រាវជ្រាវ និងស្វែងរកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរជាច្រើនមិនអាចកាត់ថ្លៃបាន។ លោកជំទាវក៏បានថ្លែងអំណរគុណដល់សារមនី្ទរ និងអ្នកកាន់កាប់សមុច្ច័យឯកជននានា ដែលបានស្ម័គ្រចិត្តប្រគល់ មរតកវប្បធម៌ជាតិមកកម្ពុជាវិញ។ ជាមួយនឹងយុទ្ធនាការសកល លោកជំទាវរដ្ឋមន្ត្រីបានអំពាវនាវដល់សារមន្ទីរ នានា ក៏ដូចជាអ្នកកាន់កាប់សមុច្ច័យឯកជននៅទូទាំងពិភពលោក សូមចូលរួមសហការផ្តល់ឯកសារភស្តុតាង និងប្រគល់សម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិ ត្រឡប់មកប្រទេសកំណើតវិញ៕

ដោយ ៖ សិលា


ចែករំលែក៖