ភ្នំពេញ ៖ សហគមន៍តំបន់ការពារធម្មជាតិប្រឡាយដើរតួនាទីសំខាន់ក្នុងការអភិរក្សសត្វខ្សឹប «ក្ងោកទេព» ដែលជាសត្វស្លាបកម្រ។ ប្រជាសហគមន៍បានដាំស្រូវនិរន្តរភាពដោយមិនពង្រីកដីលើតំបន់អភិរក្ស មិនដាក់អន្ទាក់និងបរបាញ់សត្វព្រៃ គម្រោងបង្កើនសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការផ្តល់ពូជគោក្របីដល់សហគមន៍ចិញ្ចឹម។ កាលពីឆ្នាំ២០២១ ពួកគាត់បានទទួលក្របីចំនួន ៥០ ក្បាលពីក្រសួងបរិស្ថាន ហើយបច្ចុប្បន្នកើនដល់ ៦៥ក្បាលដោយមួយឆ្នាំទទួលបានកូនចំនួន ១៥ ក្បាល។ ជាមួយគ្នានេះ ការអភិរក្សសត្វខ្សឹបនេះបាន វាជាប្រភពចំណូលមិនចេះរីងស្ងួតសម្រាប់ប្រជាសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិលើតំបន់ការពារទេសភាព។ នេះជាការលើកឡើងដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
លោកបន្តថា, សត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាមផងដែរ។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រមាណ ៨០០ ក្បាលនៅលើពិភពលោក ក្នុងនោះ កម្ពុជាមានប្រមាណ ៥៥០ ក្បាល (២៣០ ក្បាលជាសត្វខ្សឹបឈ្មោល) ដែលតំណាងឱ្យ ៧០% នៃវត្តមានសត្វខ្សឹប នៅលើពិភពលោក។ សត្វខ្សឹបរស់នៅតាមតំបន់វាលស្មៅធម្មជាតិដែលមានលាយឡំជាមួយនឹងគុម្ពោតព្រៃដុះរាយប៉ាយ។ កត្តាគំរាមកំហែងធំៗដល់ការរស់នៅរបស់សត្វខ្សឹប រួមមាន ការបាត់បង់ទីជម្រកពាក់ព័ន្ធទៅនឹងការបំប្លែងតំបន់វាលស្មៅ និងតំបន់ដាំដុះស្រូវបែបយថាផលទៅជាតំបន់ដាំដុះស្រូវបែបប្រពលវប្បកម្ម (ពីរទៅបីដងក្នុងមួយឆ្នាំ) ការប្រមាញ់ខុសច្បាប់។
រហូតមកដល់ពេលនេះ មិនទាន់អាចសន្និដ្ឋានថាសត្វខ្សឹបមានការថយចុះឬកើនឡើងនោះទេ។ យោងតាមប្រជាសហគមន៍ សំបុកសត្វខ្សឹបចំនួន ២២ (មានស៊ុតទាំងអស់ ២៤) ត្រូវបានរកឃើញ និងស៊ុត សត្វខ្សឹបចំនួន ២២ ត្រូវបានញាស់ និងកូនខ្សឹបរីកធំធាត់ បានរស់នៅក្នុងមជ្ឈដ្ឋានធម្មជាតិ ៕
ដោយ ៖ សហការី