ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍សំខាន់ៗ ដូចខាងក្រោម៖
– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាកាលានុវត្តភាព ដែលជាសកម្មភាពរៀនរស់នៅជាមួយកូវីដ-១៩។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងចំពោះការរើខ្លួនចេញពីវិបត្តិកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ និងវិធានការការពារគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលកម្ពុជាគ្មានអត្រាឆ្លងថ្មីជំងឺកូវីដ-១៩ជាង៥០ថ្ងៃ និងអត្រាស្លាប់ដោយជំងឺកូវីដ-១៩ រយៈពេលជាង១០០ថ្ងៃមកហើយ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសពីប្រសិទ្ធភាពការងារ ទាំងក្របខណ្ឌរដ្ឋ និងឯកជន ក្នុងពេលវិបត្តិកូវីដ-១៩ ជាពិសេសក្នុងពេលបិទខ្ទប់ តាមរយៈរបៀបនៃការបំពេញការងារថ្មីតាមអនឡាន(Online) ដែលកិច្ចការនេះ តម្រូវឱ្យក្រុមហ៊ុនInternet ធ្វើទំនើបកម្មសេវា Internetរបស់ខ្លួនឱ្យបានប្រសើរឡើង ជាពិសេសតាមបុរី ផ្ទះល្វែង ដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំពីបញ្ហានេះ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីមិនទទួលស្គាល់ដាច់ខាតការផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន Internet តាមបុរី និងតាមសំណង់ផ្ទះល្វែង ដែលមិនមានការប្រកួតប្រជែង ព្រោះបញ្ហានេះមិនបានធ្វើឱ្យប្រសើរឡើងសេវា Internet ដល់អ្នកប្រើប្រាស់ឡើយ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអនុញ្ញាតឱ្យមានការតែងតាំងមន្ត្រីណាក៏ដោយ ដែលមិនមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា ដែលយ៉ាងហោចណាស់ក៏ត្រូវចេះប្រើប្រាស់ស្មាតហ្វូនផងដែរ ព្រោះបច្ចុប្បន្ននេះមន្ត្រីត្រូវជំរុញការងារ និងប្រសិទ្ធភាពការងារតាមប្រព័ន្ធអនឡាញ។
– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក្យអនឡាញ(Online)នាពេលបច្ចុប្បន្ននេះ បានក្លាយជាពាក្យដ៏សាមញ្ញមួយ ដែលប្រជាពលរដ្ឋខ្មែរនរណាក៏អាចដឹង និងយល់ផងដែរ ក្នុងនោះរាប់ការជាវឥវ៉ាន់, ការទូទាត់ប្រាក់, ការធ្វើដំណើរ និងផ្នែកផ្សេងៗទៀត។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋពេលដែលមានករណីឆ្លងខ្លាំង និងស្លាប់ច្រើនដោយជំងឺកូវីដ-១៩។ សម្តេចបញ្ជាក់ថា «ពេលនេះ កាលពីឆ្នាំមុន គឺជាពេលដែលយើងលំបាកបំផុត ជាពេលឆ្លង និងស្លាប់ច្រើន ដែលកាលណោះយើងជំរុញការធ្វើក្តារមឈូស និងទីកន្លែងរំលាយ និងកប់សព ដោយជំងឺកូវីដ-១៩»។
– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បុរី និងសំណង់ផ្ទះល្វែងភាគច្រើនវិនិយោគ ដោយវិនិយោគិនក្នុងស្រុក ដែលកិច្ចការនេះត្រូវបានលើកទឹកចិត្ត និងផ្តល់ឱកាសសម្រាប់ការវិនិយោគបន្ថែមទៀត។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការវិនិយោគលើវិស័យអប់រំនៅកម្ពុជាកាន់តែច្រើន ដោយយើងមិនរំពឹងតែទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋទាំងស្រុងនោះឡើយ ដែលរហូតមកដល់ពេលនេះ កម្ពុជាមានការវិនិយោគដោយវិស័យឯកជនក្នុងស្រុកជាច្រើន ក្នុងនោះក៏មានពីក្រៅប្រទេសផងដែរ ដូចជា៖ អាមេរិក កាណាដា និងបណ្តាប្រទេសមួយចំនួនទៀត។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំរុញដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រឹងប្រែងដោះស្រាយបញ្ហា និងកង្វល់របស់កម្មករ តាមរោងចក្រ សហគ្រាសនានា ដោយមិនទុកឱ្យពួកគាត់រងភាពលំបាលលំបិនក្នុងការងារ ដោយយើងមិនដឹង និងមិនបានដោះស្រាយនោះឡើយ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសឡើងវិញពីការប្តេជ្ញាចិត្តក្នុងការថែរក្សាតំបន់ភ្នំតាម៉ៅ ដែលរងការឈូសឆាយឱ្យទៅជាតំបន់ការពារដោយព្រះរាជក្រឹត្យ និងដាំដើមឈើប្រណីតឡើងវិញ (ក្រញូង បេង ធ្នង់) ឱ្យមានប្រសិទ្ធភាព ព្រមទាំងមានការថែទាំឱ្យត្រឹមត្រូវ ច្បាស់លាស់។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងមុតមាំការពារតំបន់ភ្នំតាម៉ៅមិនឱ្យមានការបាត់បង់ឡើយ។ សម្តេចបានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រឹងប្រែងធ្វើកិច្ចការងារឱ្យបានល្អបំផុត។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កន្លែងនានា ដែលដាក់ថា «Free Wi Fi» សូមឱ្យមាន Internet សម្រាប់ការប្រើប្រាស់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នាពេលបច្ចុប្បន្ននេះ បើគ្មានInternet ខ្ញុំមិនដឹងថាត្រូវធ្វើកិច្ចការងារយ៉ាងណាទេ»។
– សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោស និងចោទជាសំនួរទៅឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការព្រងើយកន្តើយចំពោះសុខទុក្ខរបស់កម្មករដែលមានការរំលោភបំពានការងារ។
– សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកលុយរដ្ឋទៅដោះស្រាយកម្មករ ដែលថៅកែមិនបើកលុយឱ្យ ហេតុអ្វីមិនដោះស្រាយបញ្ហានេះ? ទុកឱ្យកម្មករមកដាក់ញ្ញត្តិដល់ខុទ្ទការល័យសម្តេច?។
– សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យឯកឧត្តម កួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែកមុខរកមេខ្លោង ដែលកាប់ទន្ទ្រានយកដីរដ្ឋនៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ា ដោយពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយរីករាយ និងមានមោទនភាពបំផុត ចំពោះភាពជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅកម្ពុជា កាលពីពេលកន្លងទៅ បានធ្វើឡើងជោគជ័យ ត្រចះត្រចង់ជាទីបំផុត ទាំងដំណើរការរៀបចំ, សន្តិសុខ សុវត្ថិភាព, បដិសណ្ឋារកិច្ច និងចេញសេចក្តីថ្លែងការណ៍រួម។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទោះបីជាពិភពលោកកំពុងមានវិបត្តិប្រេងឥន្ធនៈ និងថាមពលក៏ដោយ តែនៅកម្ពុជាមិនមានការដំឡើងថ្លៃអគ្គិសនីទេ ហើយតម្លៃប្រេងឥន្ធនៈ ក៏មានធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ។
– សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យបន្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈវិធានការ ៣កុំ និង ៣ការពារ ជាពិសេសនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នាតាមទីតាំង និងពេលវេលា ដែលបានកំណត់ដោយអាជ្ញាធរ និងក្រុមគ្រូពេទ្យ៕
ដោយ៖សហការី