ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាលក្រុងពោធិ៍សាត់បានឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីធ្វើសកម្មភាពបង្កហិង្សាដោយចេតនា ដោយយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះជាម្ចាស់ផ្ទះបណ្តាលឱ្យរងរបួសស្រាល ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

    តាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២០និង៤០នាទី​ ជនបង្កឈ្មោះជ័យ កុសល បានផឹកស្រាស្រវឹង រួចដើរមកចូលផ្ទះជនរងគ្រោះ ហើយបានទៅច្របាច់កកូនរបស់ជនរងគ្រោះ។ ឃើញដូចនេះជនរងគ្រោះក៏ស្ទុះទៅជួយឃាត់ និងសង្គ្រោះកូនរបស់ខ្លួន តែបែរជាត្រូវជនបង្កខាងលើយកកាំបិតបុ័ងតោកាប់មកលើខ្លួនចំស្មាខាងឆ្វេងបណ្តាលឱ្យរងរបួសស្រាល ។

    លោកវរសេនីយ៍ទោ កែវ សារិ អធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា៖ ដោយទទួលបានព័ត៌មានពីករណីហិង្សាខាងលើ លោកអធិការបានដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាបធ្វើការចុះបង្រ្កាប និងឃាត់ខ្លួនជនបង្កឈ្មោះ ជ័យ កុសល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ រួមនឹងវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ជាបណ្តោះអាសន្ន ដើម្បីរៀបចំនីតិវិធី នឹងធ្វើការអប់រំតាមសំណើរបស់ជនរងគ្រោះឈ្មោះ មែក សុខរៀន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ ព្រោះកន្លងមកជនបង្ក និងជនរងគ្រោះធ្លាប់ផឹកស៊ីជាមួយគ្នាជាញឹកញាប់ តែមកដល់ថ្ងៃកើតហេតុអ្នកទាំងពីរមិនបានផឹកស៊ីជាមួយគ្នាឡើយ៕

ដោយ៖ អរុណរះ


ចែករំលែក៖