ព័ត៌មានទាន់ហេតុការណ៍៖

មួយឆ្នាំៗហាងលក់ភេសជ្ជៈតែគជ់នៅចិន និងអាស៊ានរកប្រាក់ចំណូលបានរាប់សិបពាន់លានដុល្លារ

ចែករំលែក៖

តែគជ់ បានក្លាយទៅជាភេសជ្ជៈពេញនិយមសម្រាប់យុវវ័យនៅជុំវិញពិភពលោក ពិសេសគឺនៅតំបន់អាស៊ី មានអាស៊ាន មានកម្ពុជាជាដើម។ នៅក្នុងប្រទេសចិន បណ្តាហាងលក់តែគជ់រកបាន ប្រាក់ចំណូលរហូតដល់ទៅ ២០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ហាងភេសជ្ជៈពេញនិយមមានដូចជា Gong Cha , Koi និងឈ្មោះថ្មីមួយចំនួនទៀត ដូចជា: Mixue, Heytea, Chagee ។
ក្រៅពីប្រទេសចិន ប្រទេសក្នុងតំបន់អាស៊ាន ក៏រកបានប្រាក់ចំណូលជិត៤ពាន់លានដុល្លារពីការលក់ភេសជ្ជៈតែគជ់នោះដែរ។ សារព័ត៌មានដ៏ល្បីល្បាញរបស់សិង្ហបុរី The Straits Times ពេលថ្មីៗនេះបានផ្សព្វផ្សាយនូវលទ្ធផលស្រាវជ្រាវថ្មីមួយបង្ហាញឱ្យឃើញថា «តែគជ់ ឬ តែទឹកដោះគោទឹកកក» កំពុងតែធ្វើព្យុះធ្វើភ្លៀងនៅលើទីផ្សារតំបន់អាស៊ីអាគ្នេយ៍ ជាច្រើនឆ្នាំកន្លងមកហើយ។ ប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ ឈរកំពូលតារាងជាប្រទេសដែល ទទួលទានភេសជ្ជៈខាងលើច្រើនជាងគេ ។
«ព្យុះតែគជ់ ឬ តែទឹកដោះគោទឹកកក» នៅក្នុងប្រទេសតំបន់អាស៊ាន បាននាំមកនូវប្រាក់ចំណូលរហូតដល់ទៅ៣,៧ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ៗ នេះជាលទ្ធផលនៃការស្រាវជ្រាវរបស់ Momentum Works ប្រកាសនៅថ្ងៃទី ១៦ខែសីហា ។ លទ្ធផលស្រាវជ្រាវបានបង្ហាញឱ្យឃើញថា តែគជ់នៅក្នុងប្រទេសឥណ្ឌូនេស៊ីនាំមុខគេនៅលើទីផ្សារតំបន់អាស៊ាន ហើយ ប្រាក់ចំណូលពីភេសជ្ជៈនេះកើនឡើងដល់ទៅ១,៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ឈរលំដាប់ទីពីរ គឺជាប្រទេសថៃ រកប្រាក់ចំណូលបានពីភេសជ្ជៈខាងលើ ជិត៨០០លានដុល្លារ និងវៀតណាមឈរលំដាប់ទីបីមានជាង ៣៦០លានដុល្លារ ។ ទាំងនោះជាប្រាក់ចំណាយរបស់ក្រុមយុវវ័យភាគច្រើនទិញតែគជ់ផឹក ។
សិង្ហបុរីគឺជាប្រទេសតូចក្នុងតំបន់ ប៉ុន្តែប្រាក់ចំណូលប្រចាំឆ្នាំពីការលក់ភេសជ្ជៈមានទឹកប្រាក់៣៤២លានដុល្លារ ។ ជនជាតិសិង្ហបុរីជាអ្នកបរិភោគភេសជ្ជៈនេះច្រើនជាងគេ។ នៅក្នុងប្រទេសសិង្ហបុរី មានហាងភេសជ្ជៈតែគជ់ពេញនិយមរហូតដល់ទៅ៦០ហាង ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ VnEconomy)


ចែករំលែក៖