ខេត្តកណ្ដាល៖ បុរសម្នាក់ចេញពីផ្ទះទៅឆក់ត្រី ហើយពុំឃើញត្រឡប់មកផ្ទះជួលរបស់ខ្លួនវិញឡើយ។ លុះបីថ្ងៃក្រោយមកស្រាប់តែគេប្រទះឃើញស្លាប់ក្នុងទឹកក្នុងសភាពស្អុយរលួយ ដោយមានឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួនសាកសពផងដែរ ។ ករណីប្រទះឃើញសាកសពខាងលើនេះ គឺនៅវេលាម៉ោង១៧និង០០នាទី ត្រង់ចំណុចក្នុងស្រះទឹកកុងងួន ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ធំ រ៉ាម៉ន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអនាម័យ(ប្រមូលសំរាម) មានទីលំនៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ស្លាប់)។ វត្ថុតាងចាប់យក ៖
អាគុយចំនួន០១គ្រឿងមានកម្លាំង១២វ៉ុល ៤០អំពែរ និងដុំអាំងវែរទ័រចំនួន០១គ្រឿង។
ប្រភពដដែលបន្តថា រយៈពេល០៣ខែមកហើយ ជនរងគ្រោះនិងប្រពន្ធកូនបានជួលបន្ទប់គេស្នាក់នៅក្នុងភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ រហូតដល់សព្វថ្ងៃនេះ។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះបានស្ពាយឧបករណ៍ឆក់ត្រី មានក្បាលអាំងវែរទ័រ អាគុយ និងដងសម្រាប់ឆក់ត្រី ចេញពីបន្ទប់ជួលក្នុងភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ដើររកឆក់ត្រី ហើយចាប់ពីពេលនោះមកជនរងគ្រោះបានបាត់ខ្លួនរហូត ប្រពន្ធនិងក្រុមគ្រួសារតាមរកដែរ តែរកមិនឃើញទេ។ លុះមកដល់ថ្ងៃទី១៧ខែឆ្នាំដដែលម៉ោង១៧និង០០នាទី ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ក្នុងស្រះទឹកកុងងួន ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ដោយមានដងឆក់ត្រីនៅលើខ្លួន ហើយក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់។ បន្ទាប់មកកម្លាំងជំនាញស្រុក សហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ កម្លាំងប៉ុស្តិ៍ និងក្រុមគ្រួសារសពធ្វើការពិនិត្យសាកសពយ៉ាងហ្មត់ចត់ឃើញថា សាកសពមានសភាពហើមស្អុយរលួយ មានស្នាមរោលខ្លោចនៅឆ្អឹងជំនីរខាងឆ្វេង ផ្នែកក្បាល ក អវយវៈ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ។
ការសន្និដ្ឋានតាមជំនាញនិងយោបល់គ្រូពេទ្យ គឺជនរងគ្រោះស្លាប់ដោយសារ ឆក់ត្រីបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស្អាងជ័យ