ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសម្នាក់ ប៉ុនប៉ងរំលោភក្មេងស្រីអាយុ ១០ឆ្នាំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ ២០២២ នេះជនសង្ស័យម្នាក់ត្រូវបាននគរបាលបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីដោយជាប់ចោទពីបទប៉ុនប៉ងរំលោភក្មេងស្រីជាអនីតិជន។

 ក្រុមមន្ត្រីនគរបាលនៅអធិការរដ្ឋាននគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណីប៉ុនប៉ង រំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ ។ មន្ត្រីនគរបាលស្រុកសំពៅលូន បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះបង្ក្រាបករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រី(អនីតិជន)និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ។

លោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលសំពៅលូន បានឱ្យដឹងថា នៅវេលាម៉ោង ៩ និង ០៥នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ សុខ ឆាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង បានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើក្មេងស្រីម្នាក់អាយុ១០ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ករណីប៉ុនប៉ងចាប់រំលោភនេះ គឺបានធ្វើឡើងត្រង់ចំណុចព្រៃក្បែរផ្ទះ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយសារតែបុរសខាងលើ ជាមួយក្មេងស្រីរងគ្រោះស្នាក់នៅ និងធ្វើការងារកន្លែងផលិតទឹកបរិសុទ្ធ ជាមួយគ្នា ម៉្យាងជនសង្ស័យ ស្ថិតក្នុងភាពស្រវឹងផង។

បច្ចុប្បន្នជនល្មោភកាមរូបនេះ ត្រូវបានការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់បញ្ជូនទៅសាលាដំបូង នៅព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ ២០២២ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយ ៕

ដោយ៖ សូរិយា


ចែករំលែក៖