ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណ: ៖ តើសង្គមមួយអាចបន្ស៊ីគ្នាបានដោយរបៀបណា ដើម្បីសម្រេចគោលបំណង «ការឯកភាពខាងទស្សនៈ» និងដើម្បីសម្រេចបាននូវ «សាមគ្គីជាតិ»?

ចែករំលែក៖

ភ្នំពេញ ៖ តន្ត្រីសង្គម! ខ្ញុំប្រើពាក្យ «តន្ត្រីសង្គម» ដើម្បីសរសេរបន្តអំពី «ចរឹតសង្គម» សម្រាប់ការពិចារណា។ តើសង្គមមួយអាចបន្ស៊ីគ្នាបានដោយរបៀបណា ដើម្បីសម្រេចគោលបំណង «ការឯកភាពខាងទស្សនៈ» និងដើម្បីសម្រេចបាននូវ «សាមគ្គីជាតិ»? នេះជាគំនិតជាតិនិយម ដែលលោក ហ៊ុយ វណ្ណ: រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាព សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសំណេរលើផេកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ 

លោក ហ៊ុយ វណ្ណ: លើកឡើងថា៖ តើសង្គមមួយអាចបន្ស៊ីគ្នាបានដោយរបៀបណា ដើម្បីសម្រេចគោលបំណង «ការឯកភាពខាងទស្សនៈ» និងដើម្បីសម្រេចបាននូវ «សាមគ្គីជាតិ» មានចំណុច២ ៖ 

១/ ចំណុចខុសឆ្គង ដែលអាចសង្កេតឃើញកើតមានគឺថា នៅក្នុងសង្គម ទាំងផ្នែកពាណិជ្ជកម្ម និងផ្នែកនយោបាយ ឬផ្នែកផ្សេងទៀត គឺមានការចងក្រង ឬបង្កើតជាក្រុមផ្សេងៗគ្នា។ នៅពេលបង្កើតក្រុមបាន ចំណុចដែលអាក្រក់គឺ វៃគ្នា ជែងគ្នា ជាជាង បង្កើតចរន្តនៃ «កិច្ចសហការ» ដើម្បីបង្កើនកម្លាំងកាន់តែធំ ធ្វើបានកាន់តែច្រើន។ បើក្រុមណាមួយនោះមានបរទេសជួយបង្កើត នោះការបើកមុខនិងធ្វើសកម្មភាពប្រឈមកាន់តែក្លៀវក្លា ហើយសម្តី គឺខ្ពស់ផុតមេឃ។ គោលជំហរប្រកាន់តឹង ហើយខ្លះរហូតដល់ជ្រុលនិយម និងមិនហ៊ានផ្សារភ្ជាប់គ្នាទេ ព្រោះខ្លាចគេដកជំនឿថា «មិនឯករាជ្យ» ឬនាំឱ្យខាតបង់ផលប្រយោជន៍ខ្លួន។ បើអ្នកនយោបាយវិញ មិនត្រឹមបាត់បង់ចរឹតតភ្ជាប់ ឬចរឹតស្ថាបនា ប៉ុន្តែគឺរុញរហូតដល់កម្រិត«បដិបក្ខ» ហើយធ្វើសកម្មភាពផ្តាច់ផ្តិល។ បញ្ហាបែបនេះហើយ ទើបខ្មែរមិនងាយភ្លេចប្រយោគថា «ទឹកឡើង ត្រីស៊ីស្រមោច…»។ នេះគឺជាគ្រោះថ្នាក់! សង្គម ក្នុងស្ថានភាពបែបនេះ វាធ្វើឱ្យរួញលទ្ធភាពនៃការលូតលាស់របស់សង្គម និងមានផលវិបាកច្រើនខាងស្មារតីជាតិ និងអាចលើសពីនេះ។

២/ គេគួរមើលសង្គម ប្រៀបបានជាវង់តន្ត្រី ដែលគ្រប់គ្នា គឺលេងជាមួយគ្នា ស្តាប់គ្នា និងបំពេញឱ្យគ្នា ទើបបង្កើតបានជា «តន្ត្រីសង្គមដ៏ពិរោះ»។ ខ្ញុំយល់ថា ដោយសារអត្តចរឹត «ប្រកាន់អញ» ឋានៈ ខ្ពស់ ទាប ផលប្រយោជន៍ មនោគមន៍វិជ្ជា គឺវាពិតជាលំបាក ក្នុងការកែប្រែ។ ប៉ុន្តែយើងត្រូវមើលទិដ្ឋភាពរួម ហើយចាប់ផ្តើមពីម្នាក់ៗ ក្នុងទស្សនវិស័យ មិនត្រឹមខ្លួនឯង តែជាទស្សនវិស័យអនាគតកូនចៅតទៅមុខ។ គួរកុំសួរសង្គម គឺត្រូវសួរខ្លួនឯងជាប្រចាំ តើយើងចូលរួមជាវិជ្ជមានយ៉ាងដូចម្តេច? វង់តន្ត្រី ក្នុងរូបភាពនេះ បើមានតែម្នាក់ ឡាំប៉ា គឺមួយរោងពិធីនេះស្មើនឹង «ឆាចោល»។ ដំណើរនៃវង់តន្ត្រីប្រទេសជាតិ ក៏មិនខុសគ្នាទេ…៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖