ខេត្តកំពង់ធំ ៖ គ្រឿងឧបភោគ បរិភោគរួមមាន អង្ករចំនួន ០៥តោន,មីចំនួន ៣០០កេស,ទឹកស៊ីអីវចំនួន ១០០យួរ, ទឹកត្រីចំនួន ១០០យួរ ជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមរយៈក្រុមការងារលោកមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តបម្រើសកម្មភាពមនុស្សធម៌ ផ្តល់ជូនដល់អតីយុទ្ធជន ប្រជាពលរដ្ឋជួបការលំបាក ខ្វះខាតជីវភាព និងព្រះសង្សគង់នៅតាមទីអារាមមួយចំនួន នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ។
ក្នុងនាមតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាយទាហាន នាយទាហានរង និងពលទាហាន លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភជាបន្តបន្ទាប់នូវស្បៀងអាហារ និងថវិកា ជូនដល់បញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ ក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជននិងប្រជាជននៅខេត្តកំពង់ធំក្នុងរយៈពេលកន្លងមក ក៏ដូចជានៅពេលបច្ចុប្បន្ននេះ ហេីយ បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ដែលបានទទួលអំណោយស្បៀងអាហារ និងថវិការបរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រីនាពេលកន្លងមក និងសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តសប្បុរសធម៌របរបសលោក ននិងលោកស្រី និងសូមគោរពជូនពរ លោក លោកស្រី ព្រមទាំងបុត្រាបុត្រីទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តបន្តនាំយកនូវស្បៀងអាហារដែលបានផ្តល់ជូននេះ ទៅឧបត្ថម្ភជូនឱ្យដល់ដៃបងប្អូន ប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដនៅតាមមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំ ៕
ដោយ៖ មុន្នី