ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៥ ក្នុងនោះស្រី០១នាក់ ទៅសាលាដំបូងខេត្ត ក្រោយពីឃាត់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ ហេង គង់ ស្ថិតក្នុង ភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។
លោក ភឿង ម៉ាន់ សឹង្ហ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ប្រាប់ថា៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្ត តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៣៦ ចុះថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៤ របស់លោកអ៊ិត សម្ភស្ស ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ និង តាមបញ្ជារបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដមបូងខេត្តបន្ទាយមានជ័យ តាមទូរស័ព្ឌថ្ងៃទី១៨ខែសីហា ឆ្នាំ២០២២នេះ។
ជនសង្ស័យមានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌ០១នាក់ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ភេទប្រុស អាយុ ២៧ឆ្នាំ(មានដីកាចាប់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងជាមុខសញ្ញាធ្លាប់ប្រើប្រាស់អាវុធខុសច្បាប់ធ្វើសកម្មភាពស្ទាក់បាញ់កង់រថយន្តដឹកពិរុទ្ធជន របស់មន្ទីរពន្ធនាគារខេត្ត គោលបំណងរំដោះអ្នកទោស កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខណៈរថយន្តដឹកនពិរុទ្ធជនត្រឡប់មកពីសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី និងដកហូតអាវុធខ្លី០១ដើម បង់០១ គ្រាប់០៤គ្រាប់ ។ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ក៏ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារនៅត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីគ្រឿងញៀននិងប្រើអំពើហឹង្សា និងបានចេញពីពន្ធនាគារកាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ ។
លោកនាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានបញ្ជាក់ថា៖ក្រោយពីឃាត់ខ្លួន ឈ្មោះឡាំ សុថេត ហៅ ឡាំ ឡុច។កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ប្រុស ស្រីចំនួន០៤នាក់បន្ថែមទៀតមាន៖១-ឈ្មោះ ប៉ក់ ជាលីហៅជាវ អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលផ្តល់អាវុធខ្លីឲ្យឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ប្រើប្រាស់ ។
២-ឈ្មោះ នួន វីរ: ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ៣-ឈ្មោះ តាំង ស្រីវី ភេទស្រី អាយុ១៧ឆ្នាំ ភូមិថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
៤-ឈ្មោះ ស៊ិន សុហេង ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ក្រោយពីឃាត់ខ្លួន ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច បានសារភាពថា៖ពេលខ្លួនចេញពីពន្ធនាគារអត់ការងារធ្វើ ឈ្មោះ ប៉ក់ ជាលីហៅជៀវ បានហៅរូបគេឲ្យធ្វើការចែកចាយថ្នាំញៀននិងឲ្យអាវុធខ្លី០១ដើមមិនស្គាល់ម៉ាកមកឲ្យគេប្រើប្រាស់ដើម្បីការពារខ្លួន ពេលដែលធ្វើការចែកចាយថ្នាំញៀនដូចជាយកថ្នាំញៀនទៅប្លុងទុកតាមគល់ឈើឬបង្គោលភ្លើងហើយឈ្មោះ ប៉ក់ ជាលីហៅជៀវ ជាអ្នកហៅឲ្យម៉ូយទៅយក ហើយខ្លួនជាបានធ្វើការចែកចាយថ្នាំញៀនឲ្យឈ្មោះ ប៉ក់ ជាលីហៅជៀវ រយៈពេល០៥ទៅ០៦ខែមកហើយ ។ចំណែកឈ្មោះ ប៉ក់ ជាលីហៅជៀវ សង្ស័យជាអ្នកផ្តល់អាវុធខ្លីនិងថ្នាំញៀនឲ្យឈ្មោះឡាំ សុថេត ហៅឡាំ ឡុច ជាអ្នកដើរចែកចាយ ដោយផ្អែកលើវីដេអូឃ្លីបចំនួន០៣ឃ្លីប តែជននេះ បានបដិសេដមិនព្រមសារភាព ។ តែទោះយ៉ាងណាឈ្មោះឡាំ សុថេត ហៅ ឡាំ ឡុចនិងឈ្មោះ ប៉ក់ ជាលីហៅជៀវ រួមទាំងវត្ថុតាងអាវុធខ្លី ០១ ដើម គ្រាប់០៤គ្រាប់ បង់០១ និងអ្នកពាក់ព័ន្ធ០៣នាក់ ទៀត កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
ដោយ ៖ វណ្ណា