ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជនក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ ដែលបានជួយដល់ប្រជាពលរដ្ឋប្រកបរបររើសសំរាមចំនួន២៨៣គ្រួសារនៅខណ្ឌដង្កោ រាជធានីភ្នំពញ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកបរបររើសសំរាមចំនួន ២៨៣គ្រួសារមកពីខណ្ឌដង្កោ ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅសាលាសង្កាត់ជើងឯក រាជធានីភ្នំពេញ។ 

     កម្មវិធីថ្ងៃនេះដំណើការទៅបានក្រោមជំនួយឧបត្ថម្ភដោយលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកម្មវិធីចង្ក្រានសប្បុរស និង លោកស្រី ឈីវ ភិរម្យ រួមជាមួយក្រុមហ៊ុន CP Cambodia, ហាង ធូបកាហ្វេ, ហាងខយ, ចុងភៅការសេង ហុកហេង និងសប្បុរសជនជាច្រើនទៀត ដែលបានញុាំងឱ្យកម្មិវធីនេះដំណើរការទៅយ៉ាងរលូន និងប្រកបដោយភាពស្និទ្ធស្នាល និងរួសរាយរាក់ទាក់ជាទីបំផុត។

     មានមតិក្នងកម្មវិធី លោកលី ច័ន្ទតុលា បានថ្លែងអំណរគុណសន្តិភាព អរគុណសម្តេចតេជោ បានស្នើឱ្យមាតាបិតាគ្រប់រូបត្រូវបញ្ចូនកូនទៅចូលរៀនឱ្យបានគ្រប់ៗគ្នា និងធ្វើការចែករំលែកបន្តដល់អ្នកដែលខ្វះខាតជាងខ្លួន ។

    មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។

     លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា តាមរយៈនៃការចែករំលែកធនធាននៅក្នុងថ្ងៃនេះគឺជាការកសាងនូវអំពើល្អ ដោយបានបង្ហាញនូវក្តីស្រឡាញ់ ការយកចិត្តទុកដាក់ នឹងជួយឱ្យកុមារដែលនៅក្នុងបន្ទុកមានការលូតលាស់ល្អ ជាពិសេសគឺបញ្ញា ស្មារតី និងចំណេះដឹង។ លោកស្រីក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីត្រូវ៖

១-បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិឌ្ឍជាតិ។

២-ចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាត សង្គម រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗផងដែរ ។

៣-បានស្នើឲ្យលោក លី ច័ន្ទតុលា និងលោកស្រីឈីវ ភិរម្យ រួមជាមួយសប្បុរសជនដទៃបន្តសកម្មភាពមនុស្សធម៌ និងជាការចែករំលែកនូវក្តីស្រឡាញ់តាមវប្បធម៌នៃការចែករំលែកនេះដើម្បីបន្តជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ៕

ដោយ ៖ សិលា


ចែករំលែក៖