សារព័ត៌មាន Yomiuri នៅថ្ងៃទី ២១ខែសីហា បានផ្សាយថា ជប៉ុនបានឡើងគម្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពាររហូតដល់១ពាន់គ្រឿងដើម្បីត្រៀមលក្ខណៈទប់ទល់ជាមួយចិន។ មីស៊ីលដែលបានដាក់ពង្រាយអាចវាយប្រហារទៅលើគោលដៅចម្ងាយពី១០០ដល់១០០០គីឡូម៉ែត្រ។
មន្រ្តីក្នុងជួររដ្ឋាភិបាលជប៉ុនបានលើកឡើងថា មីស៉ីលមានស្រាប់ត្រូវកែច្នៃរយៈចម្ងាយពី១០០គីឡូម៉ែត្រឱ្យដល់១,០០០គីឡូម៉ែត្រ។ មីស៉ីល ទាំងនោះដែលបំពាក់លើនាវានិងយន្តហោះចម្បាំងនឹងត្រូវដាក់ពង្រាយជាចម្បងនៅតំបន់ទីប្រជុំកោះ Nansei ភាគខាងត្បូងប្រទេស ហើយមានសមត្ថភាពបាញ់ដល់តំបន់ឆ្នេររបស់ប្រទេសកូរ៉េខាងជើងនិងចិន។
ដោយយោងតាមរដ្ឋធម្មនុញ្ញក្រោយសង្រ្គាមលោករបស់ខ្លួន ជប៉ុនប្រើប្រាស់យោធាសម្រាប់តែការការពារខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងតូក្យូត្រូវបានសង្កេតឃើញថា បានខិតខំបង្កើនកញ្ចប់ថវិកាការពារជាតិ និងប្រកាន់យកយុទ្ធសាស្រ្តបែបខ្លាំងជាងមុន។ ប៉ុន្តែទោះជាយ៉ាងណា ជប៉ុនមិនបានដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយឡើយ។ បច្ចុប្បន្ននេះជប៉ុនមានប្រភេទអាវុធមិនច្រើននោះទេ ដែលអាចវាយប្រហារលើគោលដៅនៅប្រទេសដទៃបាន។
គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់បានកើនឡើងខ្លាំងកាលពីដើមខែសីហានេះ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ប៉េឡូស៉ី (Nancy Pelosi) ទៅកាន់តៃវ៉ាន់ ដែលចិនចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ឆ្លើយតបចំពោះការបំពេញទស្សនកិច្ចនោះ ទីក្រុងប៉េកាំងបានធ្វើសមយុទ្ធបាញ់មីស៉ីលរំលងកោះតៃវ៉ាន់ជាលើកដំបូងបំផុត ហើយមីស៉ីលប៉ុន្មានគ្រាប់បានធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនថែមទៀតផង៕
ដោយ៖ ធីរីណា(រូបថត ៖ HWAK26)