ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបទីតាំងលក់និងប្រើប្រាស់បារីអេឡិចត្រូនិក៣កន្លែងពាក់ព័ន្ធករណីលក់និងប្រើប្រាស់ដោយខុសច្បាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឆ្មក់ចូលបង្រ្កាបទីតាំងលក់និងប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់ចំនួន៣ទីតាំង ហើយបានឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៣នាក់ ឪពុក,ម្ដាយនិងកូនព្រមទាំងអ្នកប្រើប្រាស់ប្រមាណជិត៤០នាក់។

 កិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់ប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងនោះមានចំនួន៣ទីតាំងដាច់ដោយឡែកពីគ្នា ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង។

លោក ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថា ៣នាក់ឪពុក,ម្ដាយនិងកូនដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ១-ឈ្មោះ ធឹម ពិសី ភេទស្រី អាយុ៣០ឆ្នាំ(កូន) ២-ឈ្មោះ ឡាន ចន្ថា ភេទប្រុស អាយុ៦០ឆ្នាំ (ឪពុក) និង៣-ឈ្មោះ សុខ លាង ភេទស្រី អាយុ៥៩ឆ្នាំ(ម្តាយ) អ្នកទាំង៣រស់នៅក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង។

 លោកនាយការិយាល័យបញ្ជាក់ថាទីតាំងដែលបង្ក្រាបខាងលើទី១-យីហោ BLACH NIHT, ទីតាំងទី២ -យីហោអូន ពិសី និងទីតាំងទី៣-គ្មានយីហោ ទីតាំងលក់និងប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់ខាងលើនេះសុទ្ធសឹងជារបស់ឈ្មោះអូនពិសី(ត្រូវជាកូន)។

 លោកបានបន្តថា បន្ទាប់ពីសមត្ថកិច្ចបានចុះបង្ក្រាប៣ទីតាំងខាងលើនេះបានដកហូតវត្ថុតាងសម្ភារលក់ ប្រើប្រាស់ដោយខុសច្បាប់ជាច្រើនប្រភេទនិងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៣នាក់ឪពុក,ម្ដាយនិងកូន និងអ្នកប្រើប្រាស់ប្រមាណជិត៤០នាក់ផ្សេងទៀត បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។

  ក្រោយការសាកសួរពិនិត្យរកសារធាតុញៀនពុំមានមក អ្នកប្រើប្រាស់ទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់បន្តទៀត និងបានឱ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។

     ចំណែកម្ចាស់ទីតាំង៣នាក់ឪពុក,ម្ដាយនិងកូនដែលលក់ដោយខុសច្បាប់សមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីអនុវត្តនីតិវិធីបន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖