ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិសម្រេច បញ្ជូនជីកសិកម្ម និងស្បៀងអាហាររបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក

ចែករំលែក៖

អគ្គលេខាធិការអង្កការសហប្រជាជាតិលោក Antonio Guterres បានប្រកាសថា អង្គការសហប្រជាជាតិនឹងធ្វើការជាមួយអាមេរិក សហគមន៍អឺរ៉ុប ដើម្បីបញ្ជូនស្បៀងអាហារ ជីកសិកម្មរបស់រុស្ស៊ី ទៅកាន់ទីផ្សារពិភពលោក។ ស្បៀងអាហាររបស់រុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយដល់សន្តិសុខស្បៀងអាហារនៅលើពិភពលោក។
សារព័ត៌មាន Reuters នៅថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា លោក Guterres បានលើកឡើងថា នៅក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយ UN ដែលសម្រេចបាននៅប្រទេស
តួកគីកាលពីខែមុន ដើម្បីបន្តការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែនឡើងវិញ ក្រោយពីកកស្ទះចាប់តាំងពីតែពីការឈ្លានពានរបស់រុស្ស៉ីកាលពីខែកុម្ភៈមកនោះ ធញ្ញជាតិនិងស្បៀងអាហារដទៃទៀតសរុបជាង ៦៥០,០០០តោនហើយកំពុងត្រូវបាននាំចេញ។
ថ្លែងចេញពីទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសតួកគី ជាទីដែលលោកបានទៅបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលជួយសម្របសម្រួលការនាំចេញខាងលើ លោកប្រមុខដឹកនាំ UN បានបន្តថា «ផ្នែកម្ខាងទៀតនៃកិច្ចព្រមព្រៀងខាងលើ គឺការអនុញ្ញាតឱ្យស្បៀងអាហារ និងជីកសិកម្មរបស់រុស្ស៉ីចូលទៅក្នុងទីផ្សារអន្តរជាតិ ដោយពុំមានការរឹតត្បិតអ្វីទាំងអស់»។
បើតាមលោក Guterres ទោះបីជាបណ្តាប្រទេសដែលបានដាក់ទណ្ឌកម្មលើរុស្ស៉ីជុំវិញបញ្ហាសង្រ្គាមអ៊ុយក្រែនបានបញ្ជាក់ច្បាស់ថាចំណាត់ការរបស់ខ្លួនមិនរាប់លើស្បៀងអាហារនិងជីកសិកម្មក៏ដោយ ក៏ពួកវាហាក់ជះផលប៉ះពាល់ដោយប្រយោលចំពោះការនាំចេញផលិតផលទាំងនេះរបស់រុស្ស៉ី។ ដូច្នេះហើយទើបលោក Guterres បានអះអាងថា UN កំពុងធ្វើការជាមួយអាមេរិក និង EU ដើម្បីដោះស្រាយឧបសគ្គទាំងនោះ។ មុនការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៉ីនិងអ៊ុយក្រែនបានរ៉ាប់រងប្រហែល១ភាគ៣នៃការនាំចេញស្រូវសាលីរបស់ពិភពលោក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA/Getty Images


ចែករំលែក៖