ភ្នំពេញ ៖ បុរសជាមន្រ្តីនគរបាលម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឈរស្រែកឡូឡា នៅមុខផ្ទះពលរដ្ឋជិតខាង រួចដកកាំភ្លើងបាញ់មេឃ២គ្រាប់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលំក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ កែវ សារ៉ាត់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុមទី២ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពែញ មុខរបរ យោធា តួនាទី អង្គរក្ស ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មានបុរសម្នាក់ជាមន្រ្តីនគរបាលដែលជាខ្មាន់កាំភ្លើង បានមករស់នៅក្បែរផ្ទះ របស់ពួកគាត់ ទើបតែបានជាងមួយខែនោះទេ ហើយតែងតែមករករឿងដល់ពួកគាត់ជាច្រើនដង ដោយខ្មាន់កាំភ្លើងរូបនោះ អាងខ្លួនជាសមត្ថកិច្ចរួចមានអាវុធខ្លី២ដើម។ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែបុរសសមត្ថកិច្ចរូបនោះ បានបើករថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីត ពណ៌សពាក់ស្លាកលេខ នគរបាល2-7013 មកពីក្រៅរួចក៏ឈប់រថយន្តនៅខាងមុខផ្ទះរបស់ខ្លួន ទំនងជាស្រវឹងស្រា បានចុះពីលើរថយន្តដកកាំភ្លើងខ្លី២ដើម ឈរស្រែកឡូឡានៅមុខផ្ទះប្រជាពលរដ្ឋជិតខាង ដោយមានការភ័យខ្លាចប្រជាពលរដ្ឋបាននាំគ្នាចូលទៅក្នុងផ្ទះអស់ទៅ មួយសន្ទុះក្រោយមក ស្រាប់តែបុរសជាមន្រ្តីរូបនោះ បានបាញ់មេឃ២គ្រាប់រួចក៏ចូលទៅក្នុងផ្ទះ បាត់។ មួយសន្ទុះក្រោយ មកប្រជាពលរដ្ឋជិតខាងបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀប ចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ។
វត្ថុតាងដកហូត៖
១/ រថយន្ត មួយគ្រឿង ម៉ាកCamry HYBRID ពណ៌ ស ពាក់ស្លាកលេខ ន.ប 2-7013។
២/.សំបកចំនួន ០១គ្រាប់។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនបុរសដែលអាងខ្លួនជាសមត្ថកិច្ចរូបនោះ រួមទាំងរថយន្តមួយគ្រឿងយកទៅសាកសួរនៅប៉ុស្ថិ៍នគបាលរដ្ឋបាលសង្កាត់ព្រែកលៀបចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ