ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២នេះ បានដឹកនាំអស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនិងមន្រ្តីរាជការក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរ នាយ នាយពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង សម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទីខេត្តតាកែវ។
សូមជម្រាបថា តាមអនុសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន ដែលកំពុងដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដឹកនាំកងកម្លាំងកងអង្គរក្សជាង ១,០០០នាក់ ធ្វើការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ឡើងវិញ។
គួររម្លឹកថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបចំនួន ៦២៣ នាក់ កាលពីថ្ងៃទី ១៧ ខែសីហាថ្មីៗនេះ ការដាំដុះកូនឈើនៅតំបន់ភ្នំតាម៉ៅ មិនពិបាកនោះទេ ពីព្រោះរដ្ឋមានកូនឈើរហូតដល់ជាង ១០ម៉ឺនដើមឯណោះ។ ប៉ុន្តែ ដើម្បីដាំបានត្រូវរៀបចំដីឲ្យបានល្អស្អាត ដោយគាស់គល់ឈើចេញ ដឹកយកមែកឈើចេញ ហើយប្រើគ្រឿងចក្រ ១១៣គ្រឿង។ ចំពោះការដាំកូនឈើឡើងវិញនេះ សម្ដេចបានសម្រេចឲ្យប្រើកម្លាំងកងអង្គរក្សជាង ១,០០០នាក់ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនមែនគ្រាន់តែដាំ យកទៅបង្ហោះហ្វេសប៊ុកឯណា សុទ្ធតែបេង ធ្នុង….នាងនួន សុទ្ធតែឈើប្រណិត ចឹងមិនមែនគ្រាន់តែយកទៅដាំ ហើយបង្ហោះហ្វេសប៊ុកលេងឯណា ត្រូវដាំឲ្យត្រូវខ្នាតរបស់វា រួចហើយត្រូវធ្វើការថែទាំងថែមទៀត ដែលក្រុមហ៊ុនឈូសឆាយ ជាអ្នកទទួលខុសត្រូវនាពេលខាងមុខ សម្រាប់ការផ្ដល់ឲ្យទៅរដ្ឋបាលព្រៃឈើ សម្រាប់ការថែទាំនាពេលខាងមុខ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា សម្ដេចបញ្ជាឲ្យប្រែក្លាយតំបន់ភ្នំតាម៉ៅ ឱ្យទៅជាឧទ្យានព្រៃឈើ សួនព្រៃឈើនាពេលខាងមុខ៕
ដោយ៖ស តារា