ខេត្តកោះកុង៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២២ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ (កាំបិតបុ័ងតោ និងកាំបិតចុងស្រួច)។
ប្រភពដដែលបន្តថា ករណីខាងលើនេះ បានកេីតឡេីងកាលពីវេលាម៉ោង១៧ និង៣០នាទីព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតចំណុចផ្លូវបេតុងមុខវត្តព្រែកស្វាយ ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។
ជនបង្កទី១,ឈ្មោះ មុន្នី បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងទី២,ឈ្មោះ មួយ អេងគាវ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានយកកាំបិតតាំងតោ កាប់ និងកាំបិតចុងស្រួច ចាក់ ទៅលើឈ្មោះ ឡេង ហុងលាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិ១សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ដោយមូលហេតុទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតកសាងសំណុំរឿងទៅតាមនីតិវិធី ៕
ដោយ៖សហការី