ខេត្តស្ទឹងត្រែង ៖ នៅក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការ ចែកចាយយ៉ាងទូលំទូលាយនូវកម្មវិធីប្រកួតឈុតតំណាងជាតិ ដែលផ្សាយចេញពីផេកផ្លូវការរបស់កម្ម វិធី Miss Grand Cambodia របស់ផលិតកម្មមហាហង្សដែលបានធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ មហាជនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនលើស លុប ជាពិសេស ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង បានសម្ដែងប្រតិកម្មមិនពេញចិត្ត និងបានរិះគន់យ៉ាង ក្ដៅគគុកលើឈុតតំណាងខេត្តស្ទឹងត្រែង ដែលបង្ហាញលក្ខណៈស្រើបស្រាលលេចលើលេចក្រោម ធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីល្អរបស់ខ្មែរ ពិសេស កិត្តិយសរបស់ស្ត្រីខ្មែរយើង។
រដ្ឋបាល ខេត្តស្ទឹងត្រែង សូមបដិសេធចំពោះការយកឈុតតំណាងនេះដាក់ឈ្មោះខេត្តស្ទឹងត្រែង សម្រាប់បង្ហាញ ក្នុងកម្មវិធីនេះ ដោយមិនបានសុំការអនុញ្ញាតពីរដ្ឋបាលខេត្ត ហើយឈុតដែលបានបង្ហាញនេះ មិនធ្លុះ បញ្ចាំងពីសម្លៀកបំពាក់ប្រពៃណីនៅក្នុងមូលដ្ឋាននៃខេត្តស្ទឹងត្រែង នោះទេ។
ដើម្បីស្តារកិត្តិយសរបស់ខេត្តស្ទឹងត្រែងឡើងវិញ ផលិតកម្មមហាហង្ស ត្រូវធ្វើការសុំទោស ជាសាធារណៈដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង រួចធ្វើការកែសម្រួលឡើងវិញជាបន្ទាន់។
រដ្ឋបាលខេត្ត សូមស្នើយ៉ាងទទូចដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន មេត្តាពិនិត្យ និងចាត់វិធានការចំពោះករណីនេះ ដើម្បីការពារវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ស្ត្រីខ្មែរយើង ៕
ដោយ ៖ សុខ ខេមរា