ភ្នំពេញ ៖ មេខ្លោង៦រូបដែលបានកៀរគរប្រមូលផ្តុំប្រជាពលរដ្ឋដោយពុំមានច្បាប់អនុញ្ញាត មកតាមលោក ខឹម វាសនា បានធ្វើកិច្ចសន្យាទទួលស្គាល់កំហុសរបស់ខ្លួន រហូតដល់៦ចំណុច ជាមួយអាជ្ញាធរមានសមត្ថកិច្ច ។ ចំពោះករណីនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្ហោះ កិច្ចសន្យានេះនៅក្នុងប្រព័ន្ធTelegram ផ្លូវការរបស់សម្តេចផងដែរ។
ខាងក្រោមនេះជាខ្លឹមសារនៃការទទួលកំហុសរបស់មេខ្លោងទាំង៦រូប៖
ពួកយើងខ្ញុំទាំងអស់គា្នសូមទទួលស្គាល់នូវកំហុសនិងសូមធានាអះអាងដូចខាងក្រោម៖
១-យើងខ្ញុំសូមទទួលស្គាល់ថាពិតជាមានកំហុសដែលបានកៀរគរប្រមូលផ្តុំប្រជាពលរដ្ឋដោយពុំមានច្បាប់អនុញ្ញាត ដែលបានប្រព្រឹត្តពីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចចម្ការទំហំ ១២ហិកតា និង២៥ហិកតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
២-យើងខ្ញុំសូមបញ្ឈប់ការសាងសង់ជម្រក និងរោងខុសច្បាប់ផ្សេងៗសម្រាប់ឱ្យប្រជាជនទាំងនោះបន្តរស់នៅតទៅ ទៀតហើយ ចំណែកជម្រកនិងរោងខុសច្បាប់ដែលបានសង់រួចហើយក៏ត្រូវរុះរើចេញដែរ ក្នុងករណីសាងសង់ថ្មីយើងខ្ញុំត្រូវតែសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឱ្យបានត្រឹមត្រូវ។
៣-យើងខ្ញុំនឹងប្រកាសឱ្យប្រជាពលរដ្ឋរំសាយការជូបជុំ ការរស់នៅលើដីចម្ការរបស់ឈ្មោះនី ចាន់ពិនិត្យ ទាំងពីរទីតាំង ខាងលើចាប់ពីពេលនេះតទៅ ក្នុងករណីមានបុគ្គលណាមួយមានការរឹងទទឹងមិនព្រមចាកចេញសូមអាជ្ញាធរចាត់ការទៅតាមផ្លូវច្បាប់។ ក្នុងនោះសូមបញ្ឈប់ឱ្យកម្លាំងធ្វើការរារាំងផ្លូវចេញចូលនិងឈប់ប្រើប្រាស់វិទ្យុទាក់ទង (អាយកូមដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
៤-យើងខ្ញុំសូមសន្យាថានឹងប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់នៅក្នុងដីចម្ការរបស់ខ្ញុំទាំងពីរ ទីតាំងខាងលើចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង១៧និង៣០នាទីជាកំហិត។ ក្នុងករណីជនណាម្នាក់រឹងរូសមិនព្រមអនុវត្តតាមការសំណូមពរឱ្យចាកចេញតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើនេះទេ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ឬចាត់ការតាមផ្លូវច្បាប់ឱ្យពួកគាត់ចាកចេញ។
៥-ក្នុងករណីមានបទល្មើសណាមួយកើតឡើងនៅក្នុងទីតាំងដីចម្ការទាំងពីរទីតាំងរបស់ខ្ញុំបានខាងលើ សូមអាជ្ញាធរមានសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់។
៦-យើងខ្ញុំសូមមិនធ្វើការឃោសនាផ្សព្វផ្សាយណាមួយឬទទួលឱ្យប្រជាជនចូលមករស់នៅលើដីចម្ការរបស់ខ្ញុំដោយខុសច្បាប់តទៅទៀតនោះទេ។
កិច្ចសន្យាជាលក្ខណ៍អក្សរខាងលើនេះធ្វើឡើងដោយការស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឬគំរាមកំហែងអ្វីមួយឡើយ៕
ដោយ ៖ សិលា