ព័ត៌មានទាន់ហេតុការណ៍៖

ខូចអនាគតអស់! ខ្លួននៅក្មេងខ្ចីសោះក្លាយជាចោរយ៉ាងសកម្មដើម្បីផ្គាប់ចិត្តសង្សារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មុខសញ្ញា(ចោរ)វ័យក្មេងម្នាក់ត្រូវសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌធ្វើការស្រាវជ្រាវនិងបង្រ្កាបបានបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ លុយ និងគ្រឿងអលង្ការពីអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ។

   ករណីសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ(ចោរលួច)វ័យក្មេងនេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ១១ និង១៥នាទី ព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះឪពុកម្ដាយជនសង្ស័យ ស្ថិតនៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

    លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា បើយោងតាមរបាយការណ៍ពីនគរបាលនៃអធិការដ្ឋនគរបាលស្រុកភ្នំក្រវាញ ជនសង្ស័យ(ចោរលួច)ឈ្មោះ ចាន់ វុធថង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់  ហើយការឃាត់ចាប់ខ្លួនជនសង្ស័យ(ចាន់ វុធថង)នេះ ធ្វើឡើងបន្ទាប់ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ជាតិ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលគាត់បានប្រាប់ថា ខ្លួនបាននាំប្រពន្ធឈ្មោះ អឿន សម្ភស្ស ទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញដើម្បីត្រៀមសម្រាលកូន លុះកដល់ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ខ្លួនគាត់បានបាត់លុយនិងគ្រឿងអលង្ការអស់ពីកាបូប ។

    លោក ឧត្ដមសេនីយ៍ត្រីស្នងការរងបន្តក្នុងរបាយការណ៍នោះទៀតថា សម្ភារបាត់បង់រួមមាន៖ លុយខ្មែរចំនួន១.៦៥០.០០០៛(មួយលានហុកសិបម៉ឺនរៀល)ខ្សែកស្វីស បន្តោងរូបមាន់ផ្លាទីន១ខ្សែ, កងដៃផ្លាទីនចំនួន៣កង, ចិញ្ជៀនត្បូងផ្លាទីន១វង់ និងស្បែកជើងម៉ាក GAMBOI ពណ៌ក្រហម១គូ ។

    លោកស្នងការរងបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យ(ចាន់ វុធថង)សារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចលុយនិងគ្រឿងអលង្ការនៅក្នុងមន្ទីរពេទ្យបង្អែកនោះមែន នៅគ្រាដែលអ្នកជំងឺនិងអ្នកកំដរដេកលង់លក់។ ចាន់ វុធថង និយាយទៀតថា លុយដែលខ្លួនលួចបានយកទៅទិញគណនីហ្វេសប៊ុកឈ្មោះ Mlbb Sell តាមរយៈអនឡាញតម្លៃ៥០ដុល្លារអាមេរិក ផ្ញើលុយតាមរយៈភ្នាក់ងារវេរលុយ(វីង)។  បន្ទាប់មកយកគ្រឿងអលង្ការទៅលក់ឱ្យឈ្មោះ យុន ទីណា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញដែលជាអ្នកលក់ដូរគ្រឿងអលង្ការក្នុងផ្សារស្រុកភ្នំក្រវាញបានលុយចំនួន២.០០០.០០០៛(ពីរលានរៀល)ខ្លួនក៏ទៅទិញទូរស័ព្ទ១គ្រឿងម៉ាក អាយហ្វូនដប់មួយប្រូ ពណ៌ស្លែ តម្លៃ២.២០០.០០០៛(ពីរលានម្ភៃម៉ឺនរៀល)ពីតូបលក់ទូរស័ព្ទឈ្មោះ ខៀវ សុផារី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចជិះម៉ូតូយកទូរស័ព្ទដែលខ្លួនទិញបានទៅឱ្យសង្សារឈ្មោះ រ៉ាត់ ឌីណា អាយុ១៧ឆ្នាំ នៅភូមិ.ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងថែមលុយចំនួន៦៥០.០០០៛(ហុកសិបប្រាំម៉ឺនរៀល)ទៀត  ចំពោះលុយនៅសល់ចំនួន៦០០.០០០៛(ហុកសិបម៉ឺនរៀល)ខ្លួន(ចាន់ វុធថង)បានទិញសម្ភារសិក្សា និងចាក់សាំងម៉ូតូ ។

លោកបញ្ជាក់បន្ថែមទៀតថា ចាន់ វុធថង ជាជនសង្ស័យបានសារភាពថាខ្លួនធ្លាប់ចូលរួមលួចម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-5022 លេខតួ ND 125M.9878410 លេខម៉ាសុីន ND 125ME-9878410 នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ស្ថិតនៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ជាមួយឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ខណៈ(សុខ ចន្ថា)ត្រូវបានសមត្ថកិច្ចអនុវត្តនីតិវិធីកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ រួចទៅហើយនោះ។ 

    បច្ចុប្បន្នជនសង្ស័យជាចោរវ័យក្មេង(ចាន់ វុធថង)សមត្ថកិច្ចកំពុងបំពេញនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖