ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ញឹម ខេមរា បានចូលរួមជាអធិបតីភាពក្នុង «កម្មវិធីផ្តល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍»

ចែករំលែក៖

ភ្នំពេញ ៖  នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់អោយដឹងថា, លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមជាអធិបតីភាពក្នុង «កម្មវិធីផ្តល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍» នៅខេត្តសៀមរាប នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ទៀតថា, នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុម ការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមជា អធិបតីភាពក្នុង «កម្មវិធីផ្ដល់ព័ត៌មានស្តីពីយុទ្ធសាស្រ្តការទូតិសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង ទេសចរណ៍ » នៅខេត្តសៀមរាប ដោយមានការចូលរួមពីអង្គទូតបរទេសចំនួន១៩ ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ព្រមទាំងប្រតិភូថៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០នាក់។

កម្មវិធីនេះគឺជាដំណើរទស្សនកិច្ចសិក្សាលើកទី២ ជូនដល់អង្គទូតបរទេស និងក្រុមគ្រួសារ ទៅកាន់ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ដែលជាគំនិត ផ្តួចផ្តើម របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដោយមានការសហការជាមួយក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ដំណើរ ទស្សនកិច្ចនេះ មានគោលបំណងផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ច្បាប់វិនិយោគថ្មី យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច២០២១-២០២៣ និងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចនិង់ទេសចរណ៍ក្រោយ វិបត្តិកូវីដ-១៩ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត ញឹម ខេមរា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក អ៊ូ សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីស្ថានទូត ដែលបានផ្តួចផ្តើម ទស្សនកិច្ចនេះ ក្នុងន័យជំរុញការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ កាន់តែ មានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចលើកទី២នេះ នឹងផ្ដល់ឱកាសជូនអង្គទូតស្វែងយល់បន្ថែមពីព្រះរាជាណាចក្រកម្ពុជា និងពង្រឹងបន្ថែមការតភ្ជាប់រវាង កម្ពុជា និងបណ្តាប្រទេសនានាក្នុងសកលលោក។ ក្នុងអំឡុងទស្សនកិច្ចនេះ គណៈប្រតិភូក៏មាន ជំនួបជាមួយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក ទៀ សីហា អភិបាល ខេត្តសៀមរាបផងដែរ។

នៅល្ងាចថ្ងៃដដែល លោកបណ្ឌិត ញឹម ខេមរា បានរៀបចំអាហារពេលល្ងាច ដើម្បីទទួលស្វាគមន៍ ប្រតិភូទាំងអស់ ហើយបានឆ្លៀតឱកាសនេះដើម្បីផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ សិល្បៈបុរាណក៏ដូច ជាផលិតផលខ្មែរជាច្រើនផងដែរ៕

ដោយ : សិលា


ចែករំលែក៖