ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះឃាត់រថយន្តដឹកផល អនុផលព្រៃឈើខុសច្បាប់ នៅចំណុចផ្លូវកែង ស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
បើតាមប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា រថយន្តនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ជាញឹកញាប់ ហើយក៏ត្រូវបានជំនាញធ្វើការឃាត់ជាច្រើនដង ជាច្រើនសារផងដែរ។ ប៉ុន្តែជនល្មើសឈ្មោះ ទៀប ធួក នេះមិនរៀងចាលឡើយ។
ប្រភពពីសមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា ឈ្មោះ ទៀប ធួក អាយុ៤៩ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះវាយខ្នោះម្តងហើយ ចំណែករថយន្តដែលដឹកផល អនុផលព្រៃឈើនោះ រក្សាទុកនៅអធិការខាងជើងបឹងទន្លេសាប មិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយទេ ។
ស្របពេលកម្លាំងសមត្ថកិច្ចចម្រុះទៅដល់សង្កេតឃើញថា មានមនុស្ស០៤នាក់បានធ្វើសកម្មភាពទម្លាក់ផលអនុផលព្រៃឈើចេញពីរថយន្ត ដើម្បីលុបបំបាត់ភស្តុតាងចេញពីរថយន្តផងដែរ ។
សូមបញ្ជាក់ថា រថយន្តដែលដឹកផលអនុផលព្រៃឈើខុសច្បាប់នោះ ប្រភេទកូរ៉េ ពណ៌ខៀវ លាយស ទម្ងន់ ២តោនកន្លះ ពាក់ស្លាកលេខ កំពង់ធំ 3A-005 ។
យោងតាមឲ្យដឹងពីសមត្ថកិច្ចជំនាញបានបញ្ជាក់ត្រង់ចំណុចស្លាកលេខរបស់រថយន្តខាងលើនេះ គឺបានបន្លំភ្នែករបស់សមត្ថកិច្ច និងមហាជន ៕
ដោយ៖កែវ មន្នី