ភ្នំពេញ៖ ដើម្បីចូលរួមអភិរក្សដើមផ្កាដែលតំណាងឱ្យអត្តសញ្ញាណជាតិ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌនាំយកដើមផ្ការំដួលចំនួន៤០ដើមទៅដាំនៅក្នុងបរិវេណវត្ត ខេមរៈប៊ុណ្ណារាម ហៅវត្តថ្មី ស្ថិតក្នុងភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ពិធីដាំដើមផ្ការំដួលនេះក៏មានការនិមន្តនិងចូលរួមពីសំណាក់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគង់នៅក្នុងវត្តជាច្រើនអង្គ ព្រមទាំងគណៈកម្មការវត្ត និងពុទ្ធបរិស័ទ ចំណុះជើងវត្តជាច្រើនអង្គ/នាក់ទៀត ។
មានមតិសំណេះសំណាលក្នុងអង្គពិធី លោកចេង មុនីរ៉ា អភិបាលខណ្ឌបានថ្លែងដូច្នេះថា ដើមរំដួលនេះប្រហែលជា បងប្អូនមួយចំនួនមិនស្គាល់ទេមើលទៅ ព្រោះកន្លងមកយើងមិនសូវបានដាំនិងនឹកគិតដល់ដើមរំដួលទេ គឺដឹងតែពីដាំប្រភេទឈើប្រណីត ដូចជាគ្រញូង បេងនាងនួនជាដើម ហើយដើមផ្ការំដួលនេះ មិនសូវឃើញមានការចលនាឱ្យបានសស្រាក់សស្រាំដើម្បីនាំយកទៅដាំនោះទេ ។ អ៊ីចឹងហើយទើបអាជ្ញាធរបានពិភាក្សាគ្នាជាមួយព្រះគ្រូចៅអធិការ និងមន្ត្រីជំនាញក៏សម្រេចដាំដើមផ្ការំដួលនៅក្នុងបរិវេណវត្តដើម្បីទុកឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់។
លោកអភិបាលខណ្ឌបានបន្តថា ការដាំដើមរំដួលនេះអាចនិយាយបានថាយើង ចូលរួមអភិរក្សដែរ គឺយើងអភិរក្សនូវអ្វីដែលជានិមិត្តសញ្ញារបស់ជាតិយើង ការពារ លើកស្ទួយ លើកតម្កើងនូវអ្វីដែលជារបស់ជាតិ ។ ចាប់ពីពេលនេះតទៅសង្ឃឹមថា នៅតាមវត្តដទៃទៀតនឹងមានការរៀបចំដើម្បីដាំដើមផ្ការំដួលនេះដោយខ្លួនឯងទៅតាមលទ្ធភាព បើមិនអ៊ីចឹងសូមព្រះគ្រូចៅអធិការវត្តនិងគណៈកម្មការវត្តសហការជាមួយអាជ្ញាធរឬមន្រ្តីជំនាញដើម្បីដាំដើមផ្ការំដួល ។
ដោយមើលឃើញថា ព្រះគ្រូចៅអធិការវត្តកំពុងតែសាងសង់ព្រះវិហារថ្មី លោកអភិបាលខណ្ឌបានចូលរួមចំណែកជាថវិកាចំនួន១០លានរៀលផងដែរ ៕
ដោយ៖ សណ្តោស