ខេត្តកោះកុង៖ បុរសម្នាក់ ដែលជាកម្មករទូកនេសាទ បានសម្រេចចិត្តចងកធ្វើអត្តឃាតដោយខ្លួនឯង ដោយមិនដឹងមូលហេតុនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា កាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី០៧ ខែកញ្ញាម្សិលមិញនេះ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឈ្មោះ ប៊ុន មី បានរាយការណ៍ថា មានមនុស្សចងកនៅជាប់ដើមឈើកាស្យា នៅចំណុច ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ។
ភ្លាមនោះកម្លាំងជំនាញ និងកម្លាំងក្រុមគ្រូពេទ្យ បានទៅដល់កន្លែងកើតហេតុ ដែលមានមនុស្សចងកធ្វើអត្តឃាតពិតប្រាកដមែន និងបានធ្វើការស្រាវជ្រាវរកសាវតាជាតិរបស់សព មានឈ្មោះ អុក គា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅបណ្ដោះអាសន្នលើទូក នៅក្នុងកំពង់ផែប្រមូលទិញផលនេសាទភូមិនាងកុក ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ។ ឈ្មោះ អុក គា មានទីលំនៅបច្ចុប្បន្នភូមិវត្តថ្មី ឃុំតាជេស ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ។
ដោយមានការបំភ្លឺរបស់ឈ្មោះ ឈិន ឆោម ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ គល់ យ៉ាត់ ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរកម្មករទូកនេសាទ មានទីលំនៅផ្ទះជិតគ្នានៅភូមិ វត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច កំពង់ឆ្នាំង បានឱ្យដឹងថា ឈ្មោះ អុក គា ដេកនៅជិតគ្នា ហើយបាននិយាយប្រាប់ថា ជួយមើលកូនគាត់ឱ្យផង រួចហើយក៏នាំគ្នាដេកនៅលើទូកជាមួយគ្នា រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ក៏បានបាត់ឈ្មោះ អុក គា នៅកន្លែងដេក តែម្ដង ហើយពួកគាត់ដើររកនៅក្នុងបរិវេណកំពុងផែប្រមូលទិញផលនេសាទពុំឃើញ ។ លុះដល់វេលាម៉ោង ១៣និង២០នាទី ទើបបានឃើញសពឈ្មោះ អុក គា ចងកនៅជាប់ដើមឈើកាស្យាតែម្ដង ។
តាមការសន្និដ្ឋានរបស់កម្លាំងជំនាញ និងក្រុមគ្រូពេទ្យពិនិត្យទៅឃើញថា ឈ្មោះ អុក គា ពិតជាចងកធ្វើអត្តឃាត ដោយខ្លួនឯងពិតប្រាកដមែន ។ សពបានប្រគល់ទៅឱ្យឈ្មោះ ឈិន ឆោម និង ឈ្មោះ គល់ យ៉ាត់ យកទៅប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណីនៅភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕
ដោយ៖សហការី