ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ 

លោក យ៉េវ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលកំពុងទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាន ក្នុងនាមជាប្រធានអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថេរភាព ធ្វើឲ្យកម្ពុជាជាកន្លែងទាក់ទាញប្រកបដោយសក្ដានុពល សម្រាប់ការវិនិយោគ ដែលជាកត្តានាំឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។

លោក យ៉េវ បានគោរពជម្រាបជូនសម្ដេចតេជោថា បំណងរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ 

គឺទី១-គោរពសុំការគាំទ្រ និងអនុញ្ញាតចាប់ផ្ដើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅជាចម្បង គឺចូលរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន ជាស្ពានរវាងអាស៊ាន និងស្ថាប័ន និងវិស័យផ្សេងៗ ។ ទី២- សុំការគាំទ្រ លើគំនិតផ្ដួចផ្ដើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលមូលនិធិនេះ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើវិស័យអាយធី (IT) បញ្ញាសិប្បនិមិ្មត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងគាំទ្រលើការបង្កើត និងចាប់ផ្ដើមដំណើរការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន ។ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា បន្ថែមទៅលើអ្វីដែលក្លឹបសេដ្ឋកិច្ចអាស៊ានចង់ធ្វើ គួរពិចារណាចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយលទ្ធផលការងាររបស់អាស៊ានផង។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគាំទ្រកិច្ចផ្ដួចផ្ដើមបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាផងដែរ ។ ដោយឡែកកិច្ចផ្ដួចផ្ដើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតង សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គំនិតនេះ គឺស្ថិតនៅក្នុងសំណើររបស់កម្ពុជា លើកទៅអាស៊ានកន្លងមក នោះ គឺសំណើឱ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន ៕

ដោយ​៖ស​ តារា​


ចែករំលែក៖