ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! មកស្គាល់​ពីប្រវត្តិរមណីយដ្ឋានប្រាសាទភ្នំបាណន់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសុក្រទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានពីប្រវត្តិរបស់រមណីយដ្ឋានប្រាសាទភ្នំបាណន់​ ដែលអ្នកកសាងឡេីងដោយ ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦)​ កាលបរិច្ឆេទកសាង ពាក់កណ្តាលសតវត្សទី១១​ ឧទ្ទិសថ្វាយ ព្រះសិវៈ ព្រហ្មញ្ញសាសនា​ និងស្ថាបត្យកម្ម រចនាបថបាពួន​ មានទីតាំងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រសួង​ទេសចរណ៍​ បានឱ្យដឹងទៀតថា​ ចំពោះ​សេវាកម្មនៅរមណីយដ្ឋាន៖ សេវាម្ហូបអាហារ និងភេសជ្ជៈ សេវាជួលតូបអង្គុយលម្ហែ សេវានាំភ្ញៀវ សេវាជិះទូក  កន្លែកលក់ផ្លែឈើក្នុងស្រុក។ 

អ្នកទទួលខុសត្រូវ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង 

១. ទីតាំងភូមិសាស្រ្ត

ប្រាសាទភ្នំបាណន់ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ដែលមានចម្ងាយប្រមាណ ២៤ គ.ម. ពីទីរួមខេត្តបាត់ដំបងភាគខាងត្បូង។ ប្រាសាទភ្នំបាណន់ជាកន្លែងប្រវត្តិសាស្រ្តមួយដ៏ល្អឯក និងជាសំនង់ប្រាសាទបុរាណមួយដែលសល់តាំងពីសម័យមុនអង្គរមកម្លេះ។ «ភីមបុរ» ត្រូវបានគេស្គាល់ថាជាទឹកដីបុរាណមួយផ្នែកនៃខេត្តបាត់ដំបងបច្ចុប្បន្ន។ ឈ្មោះនេះមានតាំងពីសម័យមុនអង្គរមកម្ល៉េះនិងបន្ដប្រើរហូតមកដល់សម័យអង្គរ។ «ភីមបុរ» មួយភាគធំស្ថិតនៅខាងលិចស្ទឹងសង្កែ ដែលយ៉ាងហោចណាស់មានវិសាលភាពចាប់ពីតំបន់ភ្នំបាណន់រហូតមកតាមដងស្ទឹងសង្កែ។ 

ម្យ៉ាងទៀត «ភីមបុរ» ទំនងជាមានទីប្រជុំជនដំបូងនៅតំបន់ភ្នំបាណន់នេះនិងរីកចម្រើនលាតសន្ធឹងវិសាលភាពចេញពីទីនេះ។នៅសម័យអង្គរគេច្រើនចាត់ទុក «ភីមបុរ» នេះជា «វិស័យ» ផងនិងជា «ប្រមាណ» ផង និងមានខ្លះហៅជាស្រុកផងដែរ។ «វិឞយ» ឬ «វិស័យ» ជាពាក្យហៅបំណែងចែកដែនដីរដ្ឋបាល ដែលតាមន័យរបស់ពាក្យអាចហៅសំដៅដល់តំបន់ ភូមិភាគ ស្រុក ឬអាណាចក្របានផងដែរ។ ប៉ុន្ដែក្នុងសិលាចារឹកខ្មែរពុំអាចសំដៅដល់អាណាចក្របានឡើយ។ ដូចគ្នានឹង «វិស័យ» ដែរ, «ប្រមាន៑» ឬ «ប្រមាណ» ជាបំណែកចែកដែនដីរដ្ឋបាលមួយប្រភេទ ដែលតាមពាក្យមានន័យថាជាទីប្រជុំជនធំឬទីក្រុង។ 

ភីមមានន័យថាដែលគួរឱ្យខ្លាច ដែលគួរឱ្យកោតខ្លាច។ «ភីម» ក៏ជាឈ្មោះរបស់តួអង្គមួយក្នុងរឿង មហាភារត: ផងដែរ។ ដូច្នេះ តាមកម្រិតវចនសព្ទ «ភីមបុរ» អាចមានន័យថា ទីក្រុងដែលគួរឱ្យកោតខ្លាច ឬទីក្រុងរបស់ភីម។ សិលាចារឹកដែលបានដកស្រង់មកនេះ ជាសិលាចារឹកសម័យមុនអង្គរ រកឃើញនៅជិតភ្នំបាណន់ ខេត្តបាត់ដំបង។

២. អំពីព្រះឧទយាទិត្យវរ្ម័នទី២ (ឆ្នាំ១០៥០-១០៦៦ នៃគ.ស)

 ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ – ១០៦៦) ជាព្រះរាជបុត្រច្បងរបស់ព្រះបាទ សូរ្យវរ្ម័នទី១ ទ្រង់ឡើងសោយរាជបន្ត។ ព្រះអង្គទ្រង់ចាត់អោយកសាងប្រាសាទភ្នំមួយ ដើម្បីធ្វើជាស្នូលនៃរាជធានីថ្មីមួយទៀត គឺ  ប្រាសាទបាពួន ដែលជាផ្ចិតនៃក្រុង អង្គរទី២ នៅលើប្រាសាទនេះ គេបានកសាងសិវលឹង្គធ្វើអំពីមាស ដើម្បីឧទ្ទិសដល់ព្រះសិវៈនៅពាក់កណ្តាលសតវត្សទី១១ ។ បន្ទាប់មកទ្រង់ចាត់អោយកសាងបារាយណ៍ខាងលិច ឫបារាយណ៍ទឹកថ្លា ដែលមានបណ្តោយ ៨០០០ ម និង ទទឹង ២២០០ ម ដាក់ទឹកបានសែសិបលានម៉ែត្រគីប ដែល បម្រើអោយសាសនា ផង កសិកម្មផង។ 

នៅចំកណ្តាលបារាយណ៍នេះ ទ្រង់ចាត់អោយកសាងប្រាសាទមួយ ឈ្មោះប្រាសាទមេបុណ្យខាងលិច ដើម្បីតំកល់បដិមាព្រះវិស្ណុ កំពុងផ្ទំ ធ្វើអំពីលង្ហិន ផ្តើមកសាងប្រាសាទភ្នំបាណន់ (ខេត្តបាត់ដំបង) ជាដើម។ ទាំងអស់នេះបញ្ជាក់អោយឃើញថា ព្រះបាទឧទយាទិត្យវរ័្មនទី២ ទ្រង់លើកតំកើងព្រហ្មញ្ញ សាសនាយ៉ាងខ្លាំង នាំអោយប៉ះពាល់ដល់អ្នកនិយមព្រះពុទ្ធសាសនា ម្លោះហើយមាន ការបះបោរបីលើកកើតមាន  ឡើងតែត្រូវបង្រាប អោយរៀបរយទៅវិញ ដោយមេទ័ពឈ្មោះសង្រ្គាម។ 

តាមសិលាចារឹក ជាភាសាសំស្រ្កិតនៅ ប្រាសាទបាពួន ការបះបោរលើកទីមួយ បានកើតឡើងនៅភាគខាងត្បូងនៃប្រទេស ក្នុងឆ្នាំ ១០៥១ ការប៉ះបោរលើកទី២ នៅពាយ័ព្យនៃប្រទេសក្នុងឆ្នាំ ១០៦៥ ក្នុងលើកនេះ ពួកបះបោរបាន វាយកំទេច សិវលឹង្គ និងទេវបដិមានៅគ្រប់ទិសទី ។ ក្រោយមកបន្តិច ការបះបោរលើកទី៣ បានផ្ទុះឡើងនៅភាគខាងកើត ។ ព្រះបាទឧទយាទិត្យវរ័ន្មនទី២ ចូលទីវង្គតនៅឆ្នាំ ១០៦៦ នៃ គ.ស ។ គេមិនស្គាល់មរណនាមរបស់ព្រះអង្គទេ ហើយព្រះអនុជពៅព្រះនាម ហសិវរ័្មនទី៣ ទ្រង់ឡើងសោយរាជ្យបន្ត។

 

៣. ស្ថាបត្យកម្មសំណង់ប្រាសាទ

ប្រាសាទភ្នំបាណន់មានរាងចតុកោណកែងមានបណ្តោយប្រវែង៦០ម៉ែត្រ និងទទឹង៤០ម៉ែត្រ មានប្រាង្គប្រាសាទចំនួន៥ ដែលប្រាង្គ៤សងខាងតំណាងឱ្យទ្វីប ឬទិសធំៗទាំង៤ ឯប្រាង្គធំ កណ្តាលកម្ពស់២៥ម៉ែត្រ តំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទភ្នំបាណន់ជាស្នាព្រះហស្ថដ៏ល្អឯកនៃព្រះបាទឧទយាទិត្យវរ្ម័នទី២ ក្នុង គ.ស ១០៥០ និងបានបង្ហើយការស្ថាបនាដោយ ព្រះបាទជ័យវរ្ម័នទី៧ ក្នុងគ.ស. ១១១២។ ប្រាសាទនេះត្រូវបានសាងសង់លើកំពូលភ្នំធម្មជាតិ កម្ពស់៧៥ម. ពីដីដោយប្រាង្គកណ្តាលធ្វើពីថ្មភក់ និងប្រាង្គជុំវិញ ធ្វើពីថ្មភក់ លាយថ្មបាយក្រៀមហើយស្ថិតក្នុងរចនាបថមុនអង្គរ។ តួប្រាសាទលើកំពូលភ្នំនេះ មានកំពូល៥ គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែលពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ។ ចំណែកឯ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរគឺ: ល្អាងព្រះទឹក និងល្អាងបិទមាស។

ចំណែកឯកំពូលប្រាសាទទី២ នាទិសខាងត្បូងឈ្មោះថា ប្រាសាទទម្លាក់ដូង ដែលចាស់ៗបានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមកក្រោមតែពុំមានមនុស្សណាហ៊ានចុះទេ មានតែពិសោធន៍មើលពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃមាត់ស្ទឹងសងែ្កដែលមានរូងមួយក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង។ នៅជើងភ្នំនោះ មានរូងជ្រៅធំទូលាយ អាចឱ្យមនុស្សចូលទៅបានដោយស្រួល ដំបូលរូងកោងដូចដំបូលទូក មានកន្លែងទឹកស្រក់មានតម្រងទឹកថ្មរាងដូចត្បាល់បុកអង្ករ ទំហំប្រហែលជាប៉ុនល្អី។ រូងនោះមានទំហំប្រហែល ១២ ម៉ែត្រ បួនជ្រុង ជញ្ជាំងថ្ម ពុំមានចម្លាក់អ្វីទេ ប៉ុន្តែនៅខាងត្បូងតម្រងទឹកក្បែរជញ្ជាំងមានព្រះពុទ្ធរូបបាក់បែកជាច្រើន។ ពន្លឺព្រះអាទិត្យចូលទៅបំភ្លឺពេញរូងនោះ តាមប្រហោងមួយនៅលើដំបូល។ ផ្លូវដែលចូលទៅក្នុងរូងនោះតូចចុះតែមនុស្សម្នាក់ងងឹតសូន្យ។ បើចូលទៅតាមផ្លូវលុះតែអុជចន្លុះបំភ្លឺ ហើយដើរជាជួរបន្តគ្នាទើបអាចចូលទៅដល់កន្លែងស្រក់ទឹកនោះបាន។

ក្រសួង​ទេសចរណ៍​ បានគូសបញ្ជាក់ថា​ ឯកសារយោង៖ 

– ចំណេះដឹងខ្លីៗអំពីសិលាចារឹកខ្មែរ។

– របាយការណ៍ស្រាវជ្រាវស្តីពី សមិទ្ធផលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ័ន្មនទី១ ស្ថិតក្នុងខេត្តបាត់ដំបង របស់រាជបណ្ឌិតសភាកម្ពុជា ២០១៩ ៕

ដោយ​៖សហការី​


ចែករំលែក៖