ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិន ៖ ឯកអគ្គរដ្ឋទូតចិនអញ្ជើញចូលរួមកម្មវិធីសម្ពោធស្លាកសមិទ្ធផលលើការជួសជុលអគារក្រហមនិងបណ្ណាល័យព្រឹទ្ធសភាដែលជាជំនួយរបស់ភាគីចិន

ចែករំលែក៖

 ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, នាថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២២ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធស្លាកសមិទ្ធផលលើការជួសជុលអគារក្រហមនិងបណ្ណាល័យព្រឹទ្ធសភាដែលជាជំនួយរបស់ភាគីចិន។ លោក Shi Weiwei នាយកផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងពិធីខាងលើ។

 ក្នុងសុន្ទរកថារបស់ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ចិននិងកម្ពុជាគឺជាសហគមន៍វាសនារួម និង ជាមិត្តដែកថែបយ៉ាងពិតប្រាកដ។ អស់រយៈពេលយូរមកហើយ ភាគីទាំងពីរតែងជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក បង្កើតបានជាគំរូនៃចំណងមិត្តភាពរវាងប្រទេសនិងប្រទេស។ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពនិងចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាឱ្យឈានទៅរកកម្រិតខ្ពស់ថែមមួយកម្រិតទៀត រួមចំណែកថ្មីៗនិងកាន់តែធំសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក។

 ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, លោកកិត្តិសង្គហបណ្ឌិត ទេព ងន មានប្រសាសន៍ថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិនមានអាយុកាលយូរអង្វែង ភាគីកម្ពុជាសូមថ្លែងអំណរគុណចំពោះភាគីចិនដែលតែងផ្តល់ការគាំទ្រនិងការជួយដ៏មានតម្លៃក្នុងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាអស់រយៈពេលយូរ ជាពិសេសបានជួយកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩បានយ៉ាងជោគជ័យ  និងសម្រេចបានការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស។ ភាគីកម្ពុជាបានចាត់ទុកភាគីចិនជាមិត្តដែកថែប តែងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គាំទ្រភាគីចិនក្នុងការការពារផលប្រយោជន៍ស្នូល។ ព្រឹទ្ធសភាកម្ពុជានឹងបន្តរក្សាការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយភាគីចិន រួមចំណែកក្នុងការកសាងសហគមន៍វាសនារួមរវាងប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖