(តពីលេខមុន)
៣. ជំនឿលើជួរដំបួរ (ព្រលឹង)
ក្នុងវង្សត្រកូលនីមួយៗមានជួរជំបួរ២យ៉ាង៖
ជួរជំបួរខាងម្តាយ ឬល្បាក់សាខាងម្តាយ ឬអារក្សខាងម្តាយ
ជួរជំបួរខាងឳពុក ឬល្បាក់ខាងឳពុក ឬអារក្សខាងឳពុក
ខ្មែរបុរាណ កាលណាមានមនុស្សក្នុងគ្រួសារណាមួយឈឺ ហើយគ្រូទាយត្រូវត្រង់ជួរជំបួរខាងម្តាយ ឬឳពុកធ្វើគាត់តែងចាត់តាំងពិធីប្រគុំខ្មោច ឬពិធីលៀងអារក្ស ដើម្បីលួងលោលមខ្មោចជួរជំបួរឲ្យឈប់ខឹងសំបានឹងកូនចៅ ដែលបានប្រព្រឹត្តិខុសឆ្គងប៉ះពាល់ដល់ព្រលឹងដូនតាដោយមានរៀបចំសែនព្រេនកំដរដោយភ្លេងអារក្សនៅខាងលើផ្ទះ។
៤. ជំនឿលើគ្រូបាធ្យាយ
គ្រូដែលធ្លាប់មកស្តោះផ្លុំ គ្រូបង្រៀនមើលជំងឺ គ្រូបង្រៀនមន្តអាគម គ្រូបង្រៀនរបាំ តន្រ្តី គុនប្រដាល់ជាដើម គេជឿថាក្រោយពេលស្លាប់ទៅព្រលឹងលោក តែងតែនៅថែរក្សាសិស្សគណតទៅទៀត។ បើគ្រូទាយថាអ្នកជំងឺត្រូវខ្មោចគ្រូបាធ្យាយ ពិសេសគ្រូរំដោះប្រកាន់ធ្វើឲ្យឈឺ គេត្រូវលៀងគ្រូ ឬលៀងឯដី ឬលៀងចំណី ដើម្បីឲ្យលោក ផ្លុំដកពិសពរចេញពីអ្នកជំងឺ។
៥. ជំនឿលើដូនតា-អ្នកតា
ខ្មែរយើងជឿថា អ្នកតាមានកម្លាំងពូកែណាស់ មានមហិទ្ធិរឹទ្ធិអស្ចារ្យ។ អ្នកតាគឺជាបុព្វជនដែលជាអ្នកកាប់ឆ្ការព្រៃកសាងភូមិស្រុកដំបូងបង្អស់ ឬមេកន្ទ្រាញ មេទ័ពខ្លាំងពូកែដែលបានស្លាប់នៅក្នុងបព្វហេតុសង្រ្គាម។ អ្នកតាខ្លះមានខ្ទម រោង អាស្រមជាលំនៅ អ្នកតាខ្លះគ្មានលំនៅទេ។ អ្នកតាមមានឋានៈមិនស្មើគ្នាទេ មានជាន់មានថ្នាក់ទៅតាមលំដាប់លំដោយ។ អ្នកតាខ្មែរមាននៅពាសពេញប្រទេសកម្ពុជាគ្រប់ច្រកល្ហក ដូចជាតាមភូមិ វត្តអារាម វាលស្រែចំការ ព្រៃភ្នំក្រំថ្ម ទន្លេ ស្ទឹង បឹងបួរ សមុទ្រ ដើមឈើធំៗ ទីទួលខ្ពស់ៗជាដើម។
អ្នកដូន និងអ្នកតាដែលខ្មែរយើងនិយមគោរពមកទល់សព្វថ្ងៃនេះមានដូចជា៖ យាយទេព លោកយាយដូនតី ជំទាវម៉ៅ អ្នតាមេ ស អ្នកតាចាស់ស្រុក អ្នកតាម្ចាស់ទឹក ម្ចាស់ដី អ្នកតាទឹក បាយាប(អារក្សទឹក) អ្នកតាភ្នំ (អារក្សភ្នំ) អ្នកតាម្ចាស់ព្រៃ(អារក្សព្រៃ) អ្នកតាសួន…។
ទាំងអស់ឲ្យរួចផុតពីគ្រោះភ័យអន្តរាយផ្សេងៗ។
៦. ជំនឿលើបារមី
ខ្មែរយើងមានជំនឿទៅលើទសបារមី ដែលជាគុណជាតិដ៏វិសេស ដែលនាំឲ្យព្រះពោធិសត្វបានត្រាស់ដឹង ជាកម្លាំងក្រៅខ្លូនដ៏ខ្លាំងក្លា ជួយមនុស្សឲ្យបានរួចផុតពីសេចក្តីទុក្ខសព្វបែបយ៉ាង។
ភាគច្រើនបារមីច្រើននិយាយសំដីទៅរកព្រះពុទ្ធបដិមា ឬទីណាដែលមានពុទ្ធបដិមាធំៗ មានពុទ្ធបដិមាច្រើនអង្គ ដើមពោធ៍ សត្វខ្លះដែលទាក់ទងនឹងព្រះពុទ្ធ ឬទីតាំងផ្សេងៗ។ បារមីច្រើនសន្ធិតនៅក្នុងវត្ត ព្រះវិហារ ព្រះរាជវាំង ដើមពោធិ៍ធំៗ សត្វគោ សត្វអណ្តើក និងទីសការៈផ្សេងៗទៀតដូចជា ព្រះអង្គដងកើ ព្រះអង្គវិហារសួគ៌ ព្រះអង្គក្រពុំឈូក។ល។
៧. ជំនឿលើរបៀន (មន្តអាគមគាថា)
ពាក្យដែលគេរៀនតៗគ្នាមក សម្រាប់សែក ស្តោះ ផ្លុំឲ្យកើតសេចក្តីសុខ សះជាពីជំងឺ ឲ្យមានមហិរិទ្ធិជាដើម ហៅថា មន្តអាគមគាថា។ មន្តអាគមគាថា ឬរបៀន ត្រូវបានគេប្រើ និងមានរបៀបខុសៗគ្នាដូចជា៖ គាថាសម្រាប់ការពារខ្លួន គាថាសម្រាប់សូត្រស្តោះ ផ្លុំ ស្រោចទឹក គាថាបង្ការ គាថាមន្តស្នេហ៍ និងយន្តផ្សេងៗដូចជា យ័ន្តសិទ្ធិពល មានអំណាច សត្រូវខ្លបខ្លាច យ័ន្តប្រជុំធាតុ សម្រាប់បង្ការអាបធ្មប់ អំពើប្រទូសរ៉ាយ យ័ន្តតេជះ បង្ការខ្មោចព្រាយបិសាចជាដើម។ល។ ក៏ប៉ន្តែយន្ត និងគាថាទាំងអស់នេះអាចពូកែស័ក្តិសិទ្ធិទៅបានលុះត្រាតែអ្នកទទួលគាថា និងយ័ន្តទាំងនោះមានសីលធម៌ខ្ពង់ខ្ពស់ ដឹងគុណគ្រូ ឳពុកម្តាយជានិច្ច ដោយពុំឲ្យមានសេចក្តីប្រមាថឡើយ។
ស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត