ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តចំនួន​ ៥៣៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១១ ខែកញ្ញានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែងថា​៖ មានយានយន្តសរុបចំនួន ៥៣៤គ្រឿង ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យតាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៤៣៣គ្រឿង និងរថយន្ត ១០១គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន​ បានគូសបញ្ជាក់ថា​៖​ សមត្ថកិច្ច​នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១១៤,១៤៦គ្រឿង ក្នុងនោះមានម៉ូតូ ៩១,៧៤០គ្រឿង និងរថយន្តគ្រប់ប្រភេទ ២២,៤០៦គ្រឿង​ គិតថ្ងៃទី១១ ខែកញ្ញា ក្នុងឆ្នាំ២០២២នេះ។ 

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តល្បឿន អត់ស្លាកលេខ ឆៀក ទូរស័ព្ទ ល្មើសសញ្ញា ខ្សែក្រវាត់ និងអត់ប័ណ្ណបើកបរជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

ដោយឡែក​ សម្រាប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះដែរ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ចំនួន ០៧នាក់ របួសចំនួន ០៩នាក់ (របួសធ្ងន់ ០៦នាក់)។ រយៈពេល២៥៤ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,១១៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,២២៧នាក់ របួស ២,៩២៩នាក់ (របួសធ្ងន់ ១,៨៨១នាក់)៕

ដោយ​៖ស​ តារា​(រូបភាព៖ ឯកសារ)


ចែករំលែក៖