ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃអាទិត្យទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ គណនីហ្វេសប៊ុកឈ្មោះ កូន ខ្លាតូច និងគណនីឈ្មោះ មហាគ្រួសារតាខ្មៅ បានបង្ហោះមានខ្លឹមសារថា ដំណឹងសួររកម្ចាស់ម៉ូតូ មានបងប្អូនណាបាត់ម៉ូតូ scopy មកយកបានមានគេយកមកប្លុងចោលនៅដីចំការភូមិព្រែកស្នាយ ស្ពានលេខ១១ ស្រុកស្អាង ខេត្តកណ្តាល លេខទំនាក់ទំនង 092 496 699 ។
ក្រោយពីទទួលបានព័ត៌មានថា មានម៉ូតូ០១គ្រឿង ម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HC-2993 បានយកទៅប្លុងចោលនៅគំនរចំបើងដីចំការមាត់ព្រែក ស្ថិតនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកសា្អង ខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកស្អាង ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់។
តាមសម្តីម្ចាស់ហ្វេសប៊ុកឈ្មោះ Tay Song បានប្រាប់មកសមត្ថកិច្ចថា ម៉ូតូខាងលើមិនពាក់ព័ន្ធអំពើលួចទេ គឺម្ចាស់ម៉ូតូអស់សាំងជិះមិនរួចក៏អូសយកទៅលាក់នៅគំនរចំបើង ដើម្បីកុំឱ្យគេឃើញ ខ្លាចគេលួចទៅយកបាត់ ។
បច្ចុប្បន្ន ម្ចាស់ម៉ូតូខាងលើយកម៉ូតូរបស់ខ្លួនមកផ្ទះវិញហើយ ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភ័ន្តច្រឡំ ៕
ដោយ៖សហការី