ខេត្តស្វាយរៀង៖ បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ករណីប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ នៅព្រឹក ទី ១២ ខែ កញ្ញា ឆ្នាំ ២០២២ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២ ក្នុងក្រុងបាវិត នៅសង្កាត់បាវិត ៩៧ ខ្នង សង្កាត់បាទី ២ ខ្នង សរុបចំនួន ៩៩ ខ្នង (ធ្ងន់ ៥៧ ខ្នង មធ្យម ១៥ ខ្នង ស្រាល ២៧ ខ្នង ) ។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក នួន លីហួន លោកស្រីអភិបាលរងក្រុងបាវិតនិងលោកចៅសង្កាត់បាវិតសង្កាត់បាទីនិងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោកស្រី ពៅ សុភាព បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជម្រុញឲ្យមានការដោះស្រាយបញ្ហានានារបស់ បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាត ទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកស្រី ក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សា សុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារ បង្កបង្កើនផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា ចូលរួមថែរក្សាអនាម័យតាមរយៈការ លាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់ នៅពេលទៅណាមកណាដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថាអំណោយចែកជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូក្រាម, មី ១ កេស, ត្រីខកំប៉ុង ១០ កំប៉ុង ,ទឹកស៊ីអ៊ីវ ៦ ដប ,កន្ទេលជ័របត់, ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកា ៥ ម៉ឺនរៀល ។
ដោយឡែកគ្រួសាររងគ្រោះ ធ្ងន់ទទួលបានសម្ភារបន្ថែមរួមមាន៖ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ និងថវិកា ២០ ម៉ឺនរៀល ។ សម្រាប់គ្រួសាររងគ្រោះស្រាលទទួលបានថវិកា ៦០,០០០ រៀល សម្រាប់ទិញសម្ភារៈជួសជុលផ្ទះឡើងវិញ ៕
ដោយ៖ សុថាន