ខេត្តកំពង់ធំ៖ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបល្ល័ង្ក នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ធំមានប្រសាសន៍ថាៈ កម្លាំងកងរាជអាវុធហត្ថ ត្រូវពង្រឹងការងារការពារសន្តិសុខនៅតាមមូលដ្ឋានដែលខ្លួនឈរជើង ឱ្យមានប្រសិទ្ធភាពដើម្បីសន្តិសុខសហគមន៍និងការអភិវឌ្ឍខេត្ត។
ពិធីនេះបានប្រារព្ធឡើងក្នុងបរិវេណសាលាស្រុកប្រាសាទបល្ល័ង្ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល័្លង្ក លោកវណ្ណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក។
លោកមេបញ្ជាការបន្ថែមថា ក្នុងនាមជាសមត្ថកិច្ចគប្បីមានឆន្ទ:សំដៅជម្នះរាល់ឥទ្ធិពល និងបង្កើនការសាមគ្គីភាពគ្នា ជាមួយកងកម្លាំង គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន អនុវត្តការងារឱ្យដើរទន្ទឹមគ្នា និងការអភិវឌ្ឍអង្គភាព ដោយគិតពីផលប្រយោជន៍ជាតិ និងប្រជាជន។ ជាពិសេសក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់បទបញ្ជា(ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប) និងពាក្យមួយឃ្លាទៀត គឺជួយគិតជួយធ្វើរួមគ្នាទទួលខុសត្រូវ ជំរុញការបង្កបង្កើនផលដាំដុះ អាវុធហត្ថម្នាក់ត្រូវតែបង្កបង្កើនផល ចិញ្ចឹមដាំដុះ ឱ្យបានច្រើន ដើម្បីជួយដល់កម្លាំងយើងផង បើនៅខ្វះចន្លោះកន្លែងណា គឺរកដីដើម្បីបង្កបង្កើនផល។ ។
លោកអនុសេនីយ៍ឯក អ៊ិន គឹមហូរ មេបញ្ជាការ មូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ទើបចូលកាន់តំណែងថ្មី បានប្តេជ្ញាចិត្ត និងខិតខំដឹកនាំបញ្ជាឱ្យមានប្រសិទ្ធភាព គោរពតាមបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត- មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា គណៈបញ្ជាការឯកភាពស្រុក និងប្រឹងប្រែង អនុវត្តឱ្យបានកាន់តែប្រសើរឡើង នូវគោលនយោបាយ របស់រាជរដ្ឋាភិបាល អ្វីៗគឺដើម្បីជាតិ និងបម្រើប្រជាជន ។
លោកវណ្ណៈ សោភានិត អភិបាលស្រុកប្រសាទបល្ល័ង្កបានសំដែងការសាទរចំពោះការប្តេជ្ញាចិត្តនេះ ព្រោះកងរាជអាវុធហត្ថក៏ជាកម្លាំងស្នូលមួយ មានភាពទំនាក់ទំនងល្អ ក្នុងការជួយបំពេញភារកិច្ចបានលឿនរហ័ស និងធ្វើឱ្យប្រជាពលរដ្ឋយើងមានជំនឿជឿជាក់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រកបដោយតម្លាភាពនិងមានប្រសិទ្ធភាព ៕
ដោយ៖កែវ មន្នី