ខេត្តព្រះសីហនុ ៖ ដើម្បីធានាបាននូវសោភ័ណភាពស្រស់ស្អាតនិងបរិស្ថានអាជ្ញាធរខេត្តព្រះសីហនុបានប្រកាសជាញឹកញាប់មិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋចោលសំរាមផ្ដេសផ្ដាសឡើយ។ បន្ទាប់ពីការណែនាំអប់រំផ្សព្វផ្សាយជាញឹកញាប់អាជ្ញាធរខេត្តព្រះសីហនុបានចាប់ផ្ដើមអនុវត្តច្បាប់ដោយចាត់វិធានការក្តៅចំពោះជនណាដែលបំពានច្បាប់។
ជាក់ស្ដែងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បុរសម្នាក់ដែលបានចោលសំរាមនៅទីសាធារណៈ ក្នុងក្រុងព្រះសីហនុ បានសម្រេចចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យ ចំពោះបទល្មើសនៃការចោលសំរាមលើទីសាធារណៈជូនមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ការចូលខ្លួនមកសារភាពនេះ ធ្វើឡើងក្រោយពីលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការលើបុរសម្នាក់ ក្រោយរូបគេចោលសំរាមនៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទីក្រុង។
គួរជម្រាបជូនថា កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ មានករណីបុរសម្នាក់បានយកសំរាមទៅបោះចោលនៅទីសាធារណៈ ដែលមានទីតាំងនៅខាង ក្រោយស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង និងអនាម័យបរិស្ថាន។
បុរសម្នាក់នេះមានឈ្មោះ កែវ តុលា អាយុ៣៨ ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
នៅចំពោះមុខមន្ទីរបរិស្ថានខេត្តព្រះសីហនុ បុរសរូបនេះបានសារភាពកំហុសរបស់ខ្លួន ហើយយល់ព្រមបង់ប្រាក់ផាកពិន័យចំនួន១លានរៀល តាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។ ឈ្មោះ កែវ តុលា សន្យាថា រូបគេឈប់បោះចោលសំរាមនៅតាម ទីសាធារណៈតទៅទៀតហើយ។ ក្នុងករណីមានលើក ក្រោយទៀត រូបគេសូមទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។
ជាថ្មីម្តងទៀតរដ្ឋបាលខេត្តព្រះសីហនុអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងលើកស្ទួយសោភ័ណភាពទីក្រុងរបស់យើងឱ្យបានស្រស់ស្អាតទាំងអស់គ្នា ។ សូមមេត្តាកុំបោះចោលសំរាម នៅតាមទីសាធារណៈ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង សុខភាពសាធារណៈ ការអភិរក្សជីវចម្រុះ និងបង្កឱ្យមានការបំពុលដល់បរិស្ថាននៅក្នុងខេត្តព្រះ សីហនុទាំងមូល៕
ដោយ៖ សូរិយា