ខ្មាន់កាំភ្លើងបានផ្ទុះអាវុធនៅក្នុងទីតាំងយោធាថៃក្នុងទីក្រុងបាងកកកាលពីថ្ងៃទី១៤ខែកញ្ញាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង២នាក់រងរបួស។
សារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនាំពាក្យកម្លាំងប៉ូលិសថៃ លោក Kissana Phathanacharoen ដែលបានបញ្ជាក់ថា ជនដៃដល់ត្រូវបានចាប់ខ្លួន ហើយគោលដៅនៃការបាញ់ប្រហារមិនទាន់ដឹងនៅឡើយទេ។
ហេតុការណ៍បាញ់ប្រហារ ស្ថិតនៅក្នុងទីតាំងយោធាចម្រុះភាគខាងជើងទីក្រុងបាងកក ។ តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ជនដៃដល់គឺជាទាហានម្នាក់។
កាលពីខែកុម្ភៈឆ្នាំ២០២០ ទាហានថៃម្នាក់ឈ្មោះ Jakrapanth Thomma បានបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន និងទាហាន២នាក់ទៀតនៅក្នុងទីតាំងយោធា ក្នុងខេត្ត Nakhon Ratchasima ភាគឦសាននៃប្រទេសថៃ ។ មូលហេតុនៃការបាញ់ប្រហារគឺដោយសារតែជនដៃដល់មានវិវាទជាមួយមេបញ្ជាការ។
ក្រោយមកជនដៃដល់ ក៏បានបើករថយន្ត Humvee របស់យោធាទៅកាន់ផ្សារទំនើបបាញ់ប្រហារនៅទីនោះទៀតបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ ។ ជនដៃដល់បានផ្សាយផ្ទាល់ពីសកម្មភាពបាញ់ប្រហារនៅលើបណ្តាញសង្គមហ្វេសបុ៊កទៀតផង។ ជនដៃដល់ត្រូវបានកម្លាំងប៉ូលិសបាញ់សម្លាប់ ។ ការបាញ់ប្រហានៅផ្សារទំនើបសម្លាប់មនុស្សដល់ទៅ២៩នាក់៕
ដោយ៖ ធីរីណា(រូបថត ៖ Khaosod)