ភ្នំពេញ៖ ការដាក់លូនិងស្ថាបនាផ្លូវបេតុងបឹងតាម៉ាតស្ថិតក្នុងភូមិសាស្ត្រភូមិម័រ និងភូមិសំបួរ សង្កាត់ដង្កោ ដែលមានប្រវែងជាង១គីឡូម៉ែត្រ គិតមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានជាច្រើនភាគរយហើយ ដោយគ្រោងនឹងហើយរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធា រណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ អនុវត្តតាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាផ្លូវចាក់បេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោ មានទទឹង៨ម៉ែត្រ កម្រាស់២តឹកនិងមានប្រវែងជាង១គីឡូម៉ែត្រ ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវបេតុងបឹងតាម៉ាតនេះជាផ្លូវមានសារៈសំខាន់មួយក្នុងការរំដោះចរាចរណ៍ចេញពីផ្លូវលេខ៣៧១និងផ្លូវលេខ២១៧ ។ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញានេះ ការដ្ឋានទាំងមូលសម្រេចបានជាច្រើនភាគរយហើយ ក្នុងនោះសម្រាប់ការងារដាក់លូទំហំ១ម៉ែត្រកន្លះx២ម៉ែត្រ និងការដាក់លូទំហំ១ម៉ែត្រនៅផ្លូវបេតុងនេះ ក្រមការងារដាក់លូ សម្រេចការងាររបស់ខ្លួន១០០%ហើយ ។ ចំណែកការងារស្ថាបនាផ្លូវបេតុងវិញ ការដ្ឋានទាំងមូលសម្រេចបាន៥០ភាគរយហើយដែរ ដោយគ្រោងនឹងស្ថាបនាឱ្យបានរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបានស្រួល។
លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់ទៀតថា ការដាក់លូនិងស្ថាបនាផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោនេះនឹងធ្វើឱ្យតំបន់នេះលែងទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងដូចពេលមុនទៀតហើយ ហើយការរំដោះចរាចរណ៍វិញក៏កាន់តែប្រសើរជាងមុនផងដែរ។
គួររំលឹកផងដែរ ដោយការគិតគូរនិងការយកចិត្តទុកដាក់ពីកង្វល់របស់បងប្អូនប្រជាពលរដ្ឋពីសំណាក់លោកឃួង ស្រេង អភិបាលរាជធានី កាលពីព្រឹកថ្ងៃទី០២ធ្នូ ឆ្នាំ២០២១កន្លងមកនេះ លោកឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពនៃការដាក់លូនៅផ្លូវបេតុងបឹងតាម៉ាតនេះជាក់ស្តែង ហើយខណៈចុះពិនិត្យទីតាំងនេះកាលណោះលោកអភិបាលរាជធានីភ្នំពេញបានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញស្ថាបនាប្រព័ន្ធលូជាមុនសិនដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ បន្ទាប់មកត្រូវស្ថាបនាផ្លូវបេតុងតែម្តង។ តែអ្វីដែលជាការកត់សម្គាល់នោះ គឺការងារដាក់លូគិតមកដល់ពេលនេះសម្រេចបាន១០០%ហើយ។ ចំណែកការងារស្ថាបនាផ្លូវបេតុងសម្រេចបាន៥០ភាគរយហើយដែរ ដោយគ្រោងនឹងស្ថាបនាឱ្យបានរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ៕
ដោយ ៖ សំរិត