ភ្នំពេញ៖ ស្ត្រីជាជនសង្ស័យម្នាក់បន្លំចូលលួចទ្រព្យសម្បត្តិអ្នកជិតខាងផ្ទះជាប់គ្នាជាច្រេីនលេីកច្រេីនសា ប៉ុន្តែចូលលួចលើកនេះអស់លក្ខណ៍ម្ចាស់ផ្ទះមកទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងបុរីសែនមនោរម្យ ក្នុងភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស្ត្រីសង្ស័យគេហៅឈ្មោះ ម៉ែ មីហួយ អាយុប្រហែលជាង៤០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
ចំណែកម្ចាស់ផ្ទះរងគ្រោះឈ្មោះ កង បាវ ភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុនោះដែរ។
បើតាមស្រ្តីជាប្រពន្ធម្ចាស់ផ្ទះមានឈ្មោះ ឡុង ពៅ អាយុ៥៥ឆ្នាំ មានមុខរបរនៅផ្ទះបាននិយាយថា កន្លងមកគាត់ធ្លាប់បាត់គ្រឿងអលង្ការមាស៣តម្លឹង៥ជី និងលុយ៥៦០០ដុល្លារ ចំណែកកូនគាត់បាត់អស់គ្រឿងអលង្ការប្លាទីន២តម្លឹង និងកូនប្រសាគាត់អស់គ្រឿងអលង្ការមាសរួមមានខ្សែក ខ្សែដៃ ចិញ្ចៀន១តម្លឹង៦ជី និងកងដៃ១កងទៀត ប៉ុន្តែពុំដែលរកមុខចោរឃើញឡើយ។ លុះមកដល់ព្រឹកថ្ងៃកើតហេតុខណៈដែលគាត់បោកខោអាវរួចរាល់ហើយបានយកខោអាវទៅហាលហើយចំហទ្វារផ្ទះខាងក្រោយអត់បានបិទ ស្រាប់តែជនសង្ស័យខាងលើចូលទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះគាត់មិនបានដឹងទេ លុះហាលខោអាវរួចគាត់បានទៅយកកន្សែងនៅក្នុងបន្ទប់ដេកស្រាប់តែឃើញទ្វារក្រោយបិទហើយជាប់គន្លឹះពីខាងក្នុង លុះអើតមើលតាមប្រហោងស្រាប់តែឃើញជនសង្ស័យកំពុងរើកកាយនៅក្នុងនោះ។ភ្លាមៗនោះគាត់ក៏បានខ្ទប់ទ្វារពីខាងក្រៅជាប់រួចស្រែកហៅឱ្យគេជួយ បង្កឱ្យមានការភ្ញាក់ផ្អើលរត់ទៅប្ដឹងនគរបាលចុះមកឃាត់ខ្លួនជនសង្ស័យដើម្បីនាំខ្លួនយកទីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕
ដោយ៖សុខាសែនជ័យ