ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៣ ខែកញ្ញា វេលាម៉ោង១រសៀល កម្លាំងសមត្ថកិច្ចបានទទួលដំណឹងអំពីករណីរកឃើញសាកសពរបស់ក្មេងប្រុសម្នាក់ឈ្មោះ ធី សុកសំណាង ហៅ ង៉ូវ ភេទប្រុស ឆ្នាំកំណើត ១៥.០៦.២០១២ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី២ មានទីលំនៅស្នាក់នៅភូមិព្រែកតាព្រហ្ម ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ការស្លាប់នេះត្រូវបានរាយការណ៍ថាជាករណីអត្តឃាត។
អង្គភាពការពារកុមារបានទទួលដំណឹងអំពីករណីនេះ។ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចូលរួមក្នុងការស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុ ដោយមានកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ការពិនិត្យកោសល្យវិច័យទៅលើសាកសពបានបំភ្លឺថា ស្ថានភាពជុំវិញការស្លាប់របស់ក្មេងប្រុសគឺគួរឱ្យសង្ស័យនិងអាចជាអំពើឃាតកម្ម។ បុគ្គលនិងសាក្សីមួយចំនួនត្រូវបានកម្លាំងសមត្ថកិច្ចសួរនាំ។
នៅថ្ងៃទី១៤ ខែកញ្ញា នៅវេលាម៉ោង៤រសៀល បន្ទាប់ពីធ្វើការសួរនាំបុគ្គលនិងសាក្សីរួច សមត្ថកិច្ចបានកំណត់មុខសញ្ញានិងឃាត់ខ្លួនបុគ្គលឈ្មោះ មិន រតនា ហៅ ម៉ៅ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំដីចម្ការ មានទីលំនៅស្នាក់នៅភូមិព្រែកតាព្រហ្ម ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាពយកខ្សែពណ៌ស (ខ្សែនីឡុងកន្ទុយកណ្តុរ) ជាខ្សែចំណងចងរនាំងបាំងខ្យល់ធ្វើពីបន្ទះឈើ ពណ៌ដីឥដ្ឋ ដាក់ជាប់នឹងសសររោងខាងត្បូង យកមកចងរុំរឹតកជនរងគ្រោះសម្លាប់ ដោយមូលហេតុរូបខ្លួនខឹងនឹងជនរងគ្រោះកាលពី២ ខែមុន រឿងជនរងគ្រោះប្រើមិនបាន និង តមាត់ខ្លួន និងខឹងឈ្មោះសួន ជេម ឈ្មោះចាន់ វណ្ណីនិយាយប្រាប់ម្ចាស់ដីថា៖ ខ្លួនអត់ធ្វើការងារយកមុខមាត់តែឯង ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ