ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅព្រឹកថ្ងៃទី១៥កញ្ញា២០២២នេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៥ នៅវត្តលង្កាព្រះកុសុមារាមស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ជាមួយនឹង ការវេរបច្ច័យប្រគេនទៅព្រះសង្ឃ បានប្រមាណជាង៣៥លានរៀលសំរាប់កសាងទីអារាមវត្តនេះផងដែរ។
ក្នុងពិធីនោះ លោកឃួង ស្រេង និងលោកស្រីបានប្រគេនយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។ ជាមួយគ្នានោះដែរ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រីបានប្រគេនទ័យទានជាច្រើនមុខដល់ព្រះសង្ឃ ដូចជាសាដកចំនួន ២២(២១អង្គ+០១អង្គទេសនា) បាយបត្តបូរ ចំនួន១២ ,មីចំនួនៈ ៣០ កេស ទឹកក្រូច ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួនៈ ១០០កេសអង្ករ ចំនួន១០០គីឡូក្រាម ស្ករស ចំនួនៈ ៥០គីឡូក្រាម ផ្លែឈើ ចំនួនៈ ០៤កន្ត្រក់ត្រីខកំប៉ុង ចំនួនៈ ០១កេស ទឹកដោះគោខាប់ចំនួន០១កេស ក្រណាត់ស ចំនួន ២០ដុំ + ថវិកា ៤០,០០០៛បច្ច័យប្រគេនព្រះសង្ឃ ២១២អង្គ ក្នុង០១អង្គ ចំនួន ៥០,០០០៛ បច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន ៤០០,០០០៛ បច្ច័យព្រះសង្ឃទេសនា ០១អង្គ ចំនួន ២០០,០០០៛ បច្ច័យលោកអាចារ្យ ចំនួន ២០០,០០០៛ ពុទ្ធិកយុវជន(សិស្ស និស្សិត) ៥០នាក់ ក្នុង ០១នាក់ ចំនួន ២០,០០០៛ និងវេរបច្ច័យប្រគេនបច្ច័យជូនទៅព្រះសង្ឃ សំរាប់កសាងទីអារាមវត្តនេះចំនួន២៩៥៧០០០០រៀលនិងប្រាក់ដុល្លារ១៥៤០ដុល្លារ ដែលសរុបទាំងប្រាក់រៀលនិងដុល្លារមានចំនួនប្រមាណជាង៣៥លានរៀល។
បុណ្យកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថាជា ថ្ងៃ បុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំង ប្រទេស កម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយ ពន់ ប្រមាណ។
គួរបញ្ជាក់ថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តដឹកអ្នកដំណើរ រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញចំនួន១៧៥គ្រឿងចាំដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដោយមិនគិតប្រាក់ដើម្បីជួយសំរាលការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងឧិកាសបុណ្យ។ ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ កុំតំឡើងថ្លៃការធ្វើដំណើរទៅស្រុកកំណើតក្នុងស្ថានភាពដែលបងប្អូនជួបការខ្វះខាត ៕
ដោយ ៖ សំរិត