ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធ​ និងអាករ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ ខែតុលា

ចែករំលែក៖

ភ្នំពេញ៖​ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា (អតរ) បានសូមជម្រាបសាធារណជន ជាពិសេសម្ចាស់ រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួចឱ្យបានជ្រាបថា ការអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធ​ និងអាករ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដែល នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយពុំមានការពន្យារពេលឡើយ។

ក្នុងន័យនេះ អ.ត.រ​ សូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឱ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធនិងអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាករ រាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានមុនការកំណត់ដូចបានជម្រាបជូនខាងលើ ជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ។

ក្រោយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានចុះបញ្ជីរួចដែលពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករគឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប ជាពិសេសម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕

ដោយ៖ សូរិយា


ចែករំលែក៖