ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោតសរសើរយ៉ាងខ្លាំងចំពោះនគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបានបំពេញការងាបានរយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញក្នុងការចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យបានទាន់ពេលវេលា។
ការសម្ដែងនូវការកោតសរសើរនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២ ខណៈដែលលោកអញ្ជើញសំណេះសំណាលនិងផ្ដល់ជាអំណោយជូននគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៤៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងផងដែរថា កាលពីមុនសម្រាប់ប៉ូលិសអគ្គិភ័យគឺតែងតែមានការលេចឮនូវព័ត៌មានមិនល្អមួយចំនួនពាក់ព័ន្ធនឹងការចុះធ្វើអន្តរាគមន៍នៃការពន្លត់អគ្គិភ័យ។ប៉ុន្តែសម្រាប់ពេលនេះគឺកម្លាំងប៉ូលិសការិយាល័យបង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ពិតជាទទួលបាននូវការកោតសរសើរពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលដែលមានអគ្គិភ័យកើតឡើងរថយន្តពន្លត់អគ្គិភ័យបានទៅដល់ទីតាំងកើតហេតុភ្លាមៗនិងបានជួយធ្វើអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យបានទាន់ពេលវេលា។
លោកឃួង ស្រេង បានបន្តទៀតថា៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយសម្ដេចមិនត្រឹមតែបានរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពតប៉ុណ្ណោះទេ តែបានអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនថែមទៀត ។ជាមួយគ្នានោះ ពាក់ព័ន្ធនឹងការរាតត្បាតនៃជំងឺ covid-19 សម្តេចបានស្វះស្វែងរកវ៉ាក់សាំងការពារជំងឺ covid-19 មកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់គ្នា រហូតធ្វើឱ្យសេដ្ឋកិច្ចប្រទេសងើបឡើងវិញ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះអំណោយដែលត្រូវប្រគល់ជូនមន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៤៥នាក់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ ទឹកបរិសុទ្ធ២កេស និងថវិកាចំនួន៤០ម៉ឺនរៀល។
លោកឧត្ដមសេនីយ៍ត្រី ស៊ុប សុឃីម ស្នងការរង តំណាងឱ្យអង្គភាពនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២២នេះ នៅទូទាំងរាជធានីភ្នំពេញ មានករណីអគ្គិភ័យកើតឡើង ចំនួន៨៣លើក ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៩៩៨គ្រឿង ស្មើនឹងទឹក ៣,៨៣៣ម៉ែត្រគូប ។ ក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្សស្លាប់០១នាក់/ស្រី របួស២៤នាក់ ឆេះផ្ទះ១១៣ខ្នង សំណង់មិនរៀបរយ៨០ខ្នង ឆេះរថយន្ត ២៧គ្រឿង ម៉ូតូ ១៤គ្រឿង បន្ទប់ខារ៉ាអូខេ ៦បន្ទប់ ក្លិបកម្សាន្ត០១កន្លែង កន្លែងស្តុកហ្គាស១កន្លែង ឃ្លាំងជួសជុលរថយន្ត០១ កន្លែង និងសម្ភារប្រើប្រាស់មួយចំនួន ។ កត្តាដែលបង្កឲ្យមានករណីអគ្គិភ័យនេះ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី៥៦លើក គ្រោះថ្នាក់ចរាចរណ៍០១លើក និងបញ្ហាផ្សេងៗ ២៦លើក ៕
ដោយ ៖ សំរិត