ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន២៥គ្រួសារត្រូវបានអាជ្ញាធរជម្លៀសមករកទីទួលសុវត្ថិភាពនិងត្រៀមទីតាំងសុវត្ថិភាពបន្ថែមទៀតនៅពេលជំនន់ទឹកភ្លៀងបន្តជន់ឡើងរហូតដល់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នៅក្បែរផ្លូវវាងក្រុង ស្ថិតភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
មេឃុំបត់ត្រង់ លោក សៃ ឡៅ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់លិចនិងប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋដែលរស់នៅស្របមាត់ស្ទឹងបត់ត្រង់ខាងលិច ក្នុងភូមិព្រែកជីកត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពចំនួន២៥គ្រួសារមកដាក់ទីទួលសុវត្ថិភាពក្បែរផ្លូវវាងក្រុង ហើយត្រូវបានសង់ជម្រកត្រៀមបម្រុងបន្ថែមទៀតបើសិនជាទឹកជំនន់នៅបន្តជន់ឡើង។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា ស្រូវលិចទឹកផ្ទៃដីទំហំ២,៥៦៣ហិកតា,លិចវត្ត១កន្លែង,លិចផ្លូវ២១ខ្សែប្រវែង១០,៥១៧ម៉ែត្រ។ ស្ថានភាពទឹកនៅស្រុកមង្គលបូរីនៅបន្តហក់ឡើងខ្លាំងដោយទឹកជំនន់ធ្លាក់ពីស្រុកបវេល ខេត្តបាត់ដំបង ហូរផ្នែកខាងក្រោមដែលប៉ះពាល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង មានឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំបត់ត្រង់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរត្រូវជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព។
លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា៖ក្រោយពេលដែលអាជ្ញាធរជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពជាការយកចិត្តទុកដាក់ពីអភិបាលខេត្តបានកសាងជម្រោកត្រៀមបម្រង់បន្ថែមទៀតដាក់មន្ត្រីសុខាភិបាលសម្រាប់ការពារនិងព្យាបាលជូនប្រជាពលរដ្ឋ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យទឹកជំនន់ដែលរងផលប៉ះពាល់នៅស្រុកមង្គលបូរីដែលប្រជាពលរដ្ឋរស់តាមដងស្ទឹងហើយទឹកជំនន់ដូចជាមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ហើយអាជ្ញាធរបានត្រៀមបម្រុងកម្លាំងចម្រុះសម្រាប់ជួយជម្លៀសប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព បើសិនជាទឹកជំនន់នៅបន្តហក់ឡើងខ្លាំង៕
ដោយ៖ សូរិយា